រដ្ឋាភិបាលដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី៣

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃប្រទេសកម្ពុជាបានដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី៣។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ស្ថិតក្នុងបរិការណ៍ដែលពោរពេញ ដោយភាពមិនប្រាកដប្រជាខ្ពស់នាបច្ចុប្បន្ន និងទៅអនាគត កម្ពុជាពិតជាមានភាពចាំបាច់ក្នុងការពង្រឹងភាពប្រកួតប្រជែង និងកសាងភាពធន់សង្គម សេដ្ឋកិច្ច ដើម្បីត្រៀមខ្លួនឆ្លើយតប ទៅនឹងវិបត្តិណាមួយ ដែលអាចកើតមានជាយថាហេតុ។

លោកបន្តថា រាជរដ្ឋាភិបាលបានកំណត់ ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថលជាអាទិភាពគន្លឹះមួយ ដែលមានសក្តានុពលខ្ពស់ ក្នុងការជំរុញឱ្យមានការបង្កើតគំរូសេដ្ឋកិច្ចថ្មី ការបង្កើនផលិតភាពក្នុងគ្រប់វិស័យ និងការធានាបាននូវកំណើនសេដ្ឋកិច្ចជារួម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអូន ព័ន្ឋមុនីរ័ត្នបានបញ្ជាក់ថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយរយៈពេលវែងចំនួន២ គឺទី១“ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” និងទី២ “គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥” ជាមួយនឹងចក្ខុវិស័យកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល វៃឆ្លាត និងរស់រវើក ។

លោកបានបន្តថា សម្រាប់ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី៣នេះ គឺជាបង្គោលចរថ្មីមួយទៀត នៃការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមពីក្រសួង- ស្ថាប័នរហូតដល់១២ ក្នុងនោះ ប្រព័​ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង -ស្ថាប័នចំនួន៧ នឹងអាចដំណើរការចាប់ពីថ្ងៃនេះតទៅ។

ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង-ស្ថាប័ន ចំនួន៥ទៀត នឹងអាចដាក់ឱ្យដំណើរការ នៅចុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ បច្ចុប្បន្ននេះ ប្រព័ន្ធចុះបញ្ជីអាជីវកម្មទាំង៣ដំណាក់កាលឆ ត្រូវបានដាក់ឱ្យអនុវត្តន៍ លើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ឬ ហៅកាត់ថា ថ្នាល CamDX) ។ ថ្នាល CamDX នេះ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានឈានមុខមួយនៅកម្ពុជា ដែលទើបទទួលបានជ័យលាភី “ការសម្របខ្លួន ប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ” ពីកម្មវិធីពានរង្វាន់អនាគតនៃរដ្ឋាភិបាល ប្រចាំឆ្នាំ២០២២ ។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ ត្រូវបានប្រកាសដាក់ឱ្យដំណើរការ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ។ ដំណាក់កាលទី ២ ត្រូវបានដាក់ឱ្យដំណើរការ កាលពីពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២១តាមប្រព័ន្ធអនឡាញ។ សម្រាប់ដំណាក់កាលទី ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here