តម្លៃហាងឆេងមាសរក្សាស្ថិរភាពជិតកម្រិតទាបបំផុតរយៈពេល៣ខែ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសមានស្ថិរភាពជិតដល់កម្រិតទាបក្នុងរយៈពេល៣ខែ ខណៈក្រុមពាណិជ្ជករកំពុងរង់ចាំការណែនាំពីប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell និងទិន្នន័យសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ផ្លូវឆ្ពោះទៅមុខលើការដំឡើងអត្រាការប្រាក់។

តម្លៃមាស Spot Gold បានផ្លាស់ប្តូរតិចតួចមកនៅត្រឹម១៩១៣,៨២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង 0120 GMT ពោលគឺជិតដល់កម្រិតទាបរយៈពេល៣ខែត្រឹម១.៩១០ដុល្លារ កាលពីថ្ងៃទី២៣ ខែមិថុនា។ តម្លៃមាសរបស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរតិចតួចមកនៅត្រឹម១៩២៤,៥០ដុល្លារក្នុងមួយអោន ខណៈសន្ទស្សន៍ប្រាក់ដុល្លារបានរក្សាស្ថិរភាព។

ទំនុកចិត្តអតិថិជនរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែមិថុនាលើសុទិដ្ឋិនិយមទីផ្សារការងារ ខណៈការលក់ផ្ទះទោលថ្មីៗបានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែឧសភា ដែលនាំឱ្យមានការរំពឹងទុកថា ធនាគារ Fed នឹងត្រូវបន្តដំឡើងអត្រាការប្រាក់ដើម្បីទាញអតិផរណាឱ្យធ្លាក់ចុះដល់គោលដៅ២% របស់ខ្លួន។

ក្រុមវិនិយោគិនរំពឹងថា នឹងមានឱកាសរហូតដល់៧៧% នៃការដំឡើងអត្រាការប្រាក់ពីធនាគារកណ្តាលអាមេរិកនៅក្នុងខែកក្កដាខាងមុខ ជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់ចាប់ផ្តើមពីខែមីនា ឆ្នាំ២០២៤ តទៅ។ ប៉ុន្តែ អត្រាការប្រាក់ខ្ពស់រារាំងការវិនិយោគលើមាសដែលមិនផ្តល់ទិន្នផល(Non-yielding gold)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគិននឹងតាមដានយ៉ាងយកចិត្តទុកដាក់នូវទិន្នន័យសន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) សម្រាប់ខែឧសភា ទិន្នន័យ GDP ត្រីមាសទីមួយ និងការទាមទារភាពគ្មានការងារធ្វើប្រចាំសប្តាហ៍។

ទន្ទឹមគ្នានេះ ប្រភពជាច្រើនបានប្រាប់សារពត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា ក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) មិនរំពឹងថាអតិផរណាមានការថយចុះគ្រប់គ្រាន់ដើម្បីផ្អាកការដំឡើងអត្រាការប្រាក់នៅរដូវក្តៅនេះនោះទេ។

ចំណែក លោក Masato Kanda អ្នកការទូតរូបិយប័ណ្ណកំពូលរបស់ប្រទេសជប៉ុន  បានអះអាងថា អាជ្ញាធរនឹងចាត់វិធានការសមស្រប ប្រសិនបើប្រាក់យ៉េនធ្លាក់ថ្លៃខ្លាំងហួសហេតុ បន្ទាប់ពីរូបិយប័ណ្ណនេះបានធ្លាក់ថ្លៃដល់កម្រិតថ្មីរយៈពេល៧ខែធៀបនឹងប្រាក់ដុល្លារពេញមួយយប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here