ដោយៈ ហ្វីអូណា
ភ្នំពេញៈ ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណឯកជនចំនួន៣ ត្រូវបានជ្រើសរើស ហើយនឹងត្រូវបានផ្តល់ការគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាពក្នុងឆ្នាំ២០២៣។
ស្ថាប័នឯកជន និងក្រុមហ៊ុនដែលត្រូវបានជ្រើសរើស រួមមាន ទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើនៅកម្ពុជា គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ក្នុងទំហំទឹកប្រាក់៥០លានដុល្លារអាមេរិក។
ទី២ ក្រុមហ៊ុនហ្គោលដេន ទ្រី ដែលជាក្រុមហ៊ុនអចលនទ្រព្យ ដែលនឹងត្រូវទទួលបានការគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតងជាលើកទីពីរ ក្នុងទំហំទឹកប្រាក់២៥លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសំណង់បៃតង។
ទី៣ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Royal Group Phnom Penh SEZ)៖ ជាក្រុមហ៊ុន ចុះបញ្ជីលក់មូលបត្រជាសាធារណៈ ដែលគ្រប់គ្រងតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ នឹងទទួលបានការគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពក្នុងទំហំទឹកប្រាក់២០លានដុល្លារអាមេរិក។
ការបោះផ្សាយមូលបត្របៃតងរបស់ក្រុមហ៊ុនទាំងនេះ ទទួលបាន ការគាំទ្រពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សាកលប្រចាំប្រទេសកម្ពុជា (GGGI) សហការជាមួយសាជីវកម្មធានា ឥណទានវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo៕