ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ការខ្ចីលុយធនាគារ មិនមែនជាការងាយស្រួលនោះទេ បើសិនជាយើងមានប្រវត្តិច្បាស់លាស់ គ្មានលំហូរសាច់ប្រាក់ និងគ្មានក្រេឌីត ឬមុខរបរច្បាស់លាស់។
អ្នកឧកញ៉ាបណ្ឌិតយូ សាម៉េត ដែលមានក្រុមហ៊ុនជាច្រើននៅក្នុងដៃបានមានប្រសាសន៍ឲ្យដឹងក្នុងកម្មវិធី ដែលរៀបចំដោយសមាគមIDIកាលពីល្ងាចថ្ងៃទី២៧ មិថុនាថា អ្នកខ្ចីលុយគេបាន ត្រូវមានចំណុចសំខាន់ៗទាំងនេះ ដូចជា ទី១ ត្រូវមានទ្រព្យសម្បត្តិ ទី២ ត្រូវមានក្រេឌីតល្អ ទី៣ ត្រូវមានលំហូរសាច់ប្រាក់ល្អ និងទី៤ ត្រូវមានមុខរបេរ។
អ្នកឧកញ៉ាបន្តថា “អ្នកខ្ចីលុយធនាគារបាន មានន័យថាជាអ្នកខ្លាំង ព្រោះអ្នកខ្ចីលុយគេមិនបាន គឺមានបញ្ហាបី ដូចជា គ្មានមុខរបរ គ្មានក្រេឌីត និងគ្មានក្រេឌីត”។ អ្នកឧកញ៉ាបានបន្ថែមថា “បច្ចុប្បន្ននេះ ខ្ញុំជំពាក់ធនាគារមិនមែនខ្ញុំអន់ទេ គឺមកពីខ្ញុំមានក្រេឌីត មានមុខរបេរជឿជាក់”។
លោកបានលើកជាឧទាហរណ៍ប្រៀបធៀបថា “បើយើងគ្មានស្បែកជើងពាក់ ហើយគេឲ្យខ្ចីស្បែកជើងពាក់ ម៉េចមិនយក? ព្រោះយើងអាចដើរបានលឿន និងដើរបានឆ្ងាយផងដែរ”។ លោកបន្តថា “អ្វីសំខាន់នៅទីនេះ គឺយើងត្រូវសួរខ្លួនឯងថា តើយើងចង់ធ្វើជាកប៉ាល់ក្នុងបឹងមួយ ឬជាកប៉ាល់ក្នុងមហាសមុទ្រមួយ”៕