ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុនហុងកុង បន្តដាំក្បាលចុះ ដល់កម្រិតទាបក្នុងរយៈពេល៣សប្តាហ៍ ខណៈការចំណាយអ្នកប្រើប្រាស់ និងការផលិតចុះខ្សោយបានបន្ថែមជាសញ្ញាថាការស្ទុះងើបនៃសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងធ្លាក់ចុះ។
សន្ទស្សន៍ Hang Seng បានដាំក្បាលចុះ០,៣ភាគរយ មកនៅត្រឹម១៨.៨៣៨,៨២ពិន្ទុនៅម៉ោង១១ព្រឹក ម៉ោងក្នុងស្រុក។ សន្ទស្សន៍គោលបានដាំក្បាលចុះ៥,៨ភាគរយកាលពីសប្តាហ៍មុននៅក្នុងការលក់ចេញដ៏ធំបំផុតចាប់តាំងពីពាក់កណ្តាលខែមីនា។
សន្ទស្សន៍បច្ចេកវិទ្យាបានផ្លាស់ប្តូរតិចតួចខណៈពេលដែលសន្ទស្សន៍ Shanghai Composite ធ្លាក់ថ្លៃ១ភាគរយ។
ភាគហ៊ុន Tencent បានធ្លាក់ថ្លៃ១,១ភាគរយទៅដល់៣៣៣,៤០ដុល្លារហុងកុង ហើយភាគហ៊ុន NetEase ធ្លាក់ថ្លៃ០,៥ភាគរយទៅដល់១៤៦,៤០ដុល្លារហុងកុង ខណៈភាគហ៊ុននៃក្រុមហ៊ុនផលិតបន្ទះឈីប SMIC បានធ្លាក់ថ្លៃចុះ២,៦ភាគរយដល់ ១៩,៥៨ដុល្លារហុងកុង។
ភាគហ៊ុនរបស់ទីភ្នាក់ងារទេសចរណ៍ Trip.com បានដាំក្បាលចុះ១,៦ភាគរយមកនៅត្រឹម៧,៩២ដុល្លារហុងកុង ហើយភាគហ៊ុនប្រតិបត្តិករកាស៊ីណូ Sands China បានដាំក្បាលចុះ០,៩ភាគរយមកនៅត្រឹម២៧,៧៥ដុល្លារហុងកុង។
ទន្ទឹមនឹងនេះដែរ ភាគហ៊ុនក្រុមហ៊ុន Meituan បានធ្លាក់ថ្លៃចុះ០,៦ភាគរយមកនៅត្រឹម១២៣,៩០ដុល្លារហុងកុង បន្ទាប់ពីសហស្ថាបនិកគឺលោក Wang Huiwen បានលាលែងពីតំណែងជានាយកមិនមែនប្រតិបត្តិ។
ភាគហ៊ុនរបស់ក្រុមហ៊ុន JD Logistics បានហក់ឡើងថ្លៃ០,៣ភាគរយដល់១២,២៤ដុល្លារហុងកុង បន្ទាប់ពីលោក Yui Yu បានលាលែងពីតំណែងជា CEO និងនាយកប្រតិបត្តិ ។
យោងតាមធនាគារវិនិយោគអាមេរិក Goldman Sachs បានឱ្យដឹងថា មូលនិធិការពារហានិភ័យសកលបានដកប្រាក់កាន់តែច្រើនចេញពីប្រទេសចិនកាលពីសប្តាហ៍មុន ដោយផ្លាស់ប្តូរដើមទុនរបស់ពួកគេទៅកាន់ប្រទេសឥណ្ឌា និងប្រទេសជប៉ុនដើម្បីទទួលបានផលចំណេញកាន់តែប្រសើរជាងមុន។
តម្លៃផ្សារហ៊ុនអាស៊ីសំខាន់ៗត្រូវបានលាយឡំគ្នា។ ផ្សារហ៊ុន Kospi នៅកូរ៉េខាងត្បូងបានហក់ឡើង០,៥ភាគរយ ហើយផ្សារហ៊ុន Nikkei 225 នៅជប៉ុនហក់ឡើង០,១ភាគរយ ខណៈផ្សារហ៊ុន S&P/ASX 200 នៅប្រទេសអូស្ត្រាលីបានដាំក្បាលចុះ០,៣ភាគរយ៕