អគ្គនាយកដ្ឋានពន្ឋដារប្រមូលប្រាក់បានជាង១៨០០លានដុល្លារ ក្នុងរយៈពេល៥ខែ

ដោយៈ និស្ស័យ

        ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ១៨២៦លានដុល្លារ នៅ៥ខែដំបូងឆ្នាំនេះ ស្មើនឹងជាង៥១%នៃផែនការច្បាប់ថវិកា។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោកគង់ វិបុលបានបញ្ជាក់ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៥ មិថុនាថា នៅរយៈពេល ៥ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៧ ៣៨៩.០៨ ប៊ីលានរៀល (ប្រមាណ១៨២៦.៦៩ លានដុល្លារ) ស្មើនឹង ៥១.១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា តាមរយៈស្ថានភាពនៃចំណូ​លពន្ធសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៦៤៥,៣៨ ប៊ីលានរៀល (ប្រមាណ៣៥៧១.៦៩ លានដុល្លារ)។

លោកបានកោតសរសើរ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការ​ងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តអនុវត្តការងារកំណែទម្រង់និង ទំនើបកម្មរដ្ឋបាលសារពើពន្ធ។

លោកបានលើកឡើងថា វិស័យផលិតភេសជ្ជៈ (កម្មន្តសាលភេសជ្ជៈ) បាននិងកំពុងបន្តចុះត្រួតពិនិត្យជាក់ស្តែង តាមរោងចក្រ ដើម្បីតាមដាន និងថែទាំបណ្តាញ និងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល របស់សហគ្រាសផលិត ក្នុងស្រុក (Flowmeter) ហើយបានរកឃើញមានករណីគេចវេះ និងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ។

លោកគង់ វិបុលបានបញ្ជាក់ថា ករណីនេះអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវតម្លាភាព និងការប្រកួតប្រជែងស្មើភាពសម្រាប់វិស័យនេះ។

សម្រាប់វិស័យផលិតបារី និងថ្នាំជក់ (កម្មន្តសាលផលិតផលថ្នាំជក់) អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តចុះត្រួតពិនិត្យ អប់រំ ណែនាំ និងផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ច បិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី (តែមប្រិ៍បារី) ដោយបារីផលិតក្នុងស្រុកត្រូវបិទតែមប្រិ៍របស់ អពដ និងបារីនាំចូលត្រូវបិទតែមប្រិ៍របស់ អគ្គនាយក-ដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយ (អពដ) បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ា ត់លើការគេចវេះ ការបន្លំ និងការបំពានការអនុវត្តកាតព្វកិច្ចនេះ ដើម្បីធានាបាននូវតម្លាភាព និងការប្រកួតប្រជែងស្មើភាពសម្រាប់វិស័យនេះ។

ដោយឡែកសម្រាប់ចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែឧសភា ឆ្នាំ២០២៣ ទទួលបាន ២៣.០៩ ប៊ីលានរៀល (ប្រមាណ៥.៧០ លានដុល្លារ) និងសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២៣ ទទួលបាន១៣១.៦៦ ប៊ីលានរៀល (ប្រមាណ៣២.៥១ លានដុល្លារ)។

លោកបន្តថា បច្ចុប្បន្នពន្ធដារមានកំណប់ទ្រព្យ ដែលជាសក្តានុពលចំណូលពន្ធ តាមរយៈទិន្នន័យទទួលពី កម្មវិធីវិក្កយបត្រនាំ សំណា​ង (GDT Lucky Draw) និង ប្រព័ន្ធ E-Filing និង ToI E-Filing ដែលរឹងមាំ និងមានតម្លាភាព ហើយជាយន្តការសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross Check) ហើយការ Cross Check លើទិន្នន័យទទួលបានពីកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) បានរកឃើញនូវសហគ្រាស មិនបានចុះបញ្ជីពន្ធដារជាច្រើន ដែលក្នុងនោះមួយចំនួនធំមានកម្រិតផលរបរត្រូវមានកាតព្វកិច្ចចុះ បញ្ជីពន្ធដារ ហើយសហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចរាល់ បានរកឃើញនូវចំណូលដែលមិនបានប្រកាសមក ពន្ធដារ ហើយឈានដល់ការផ្ទៀងផ្ទាត់ចំណូល និងកំណត់ពន្ធឡើងវិញ ដែលបានចូលរួមក្នុងការពង្រឹងការគ្រប់គ្រង ប្រមូលចំណូលពន្ធ និងពង្រឹងការប្រកួតប្រជែងស្មើភាពគ្នា។

សម្រាប់វិស័យធនធានរ៉ែ ក្នុងករណីក្រុមហ៊ុននោះមានអាជ្ញាបណ្ណ លើវិស័យធនធានរ៉ែ ហើយបានចុះបញ្ជីពន្ធដារ ត្រូវបន្តពង្រឹងការតាមដានការបំពេញកាតព្វកិច្ចសារពើពន្ធ ក៏ប៉ុន្តែក្នុងករណីមិនបានចុះបញ្ជីនិងបំពេញកាតព្វកិច្ច សារពើពន្ធ នឹងត្រូវចាត់វិធានការពន្ធដារ និងស្នើសុំកិច្ចសហការពីក្រសួង និងស្ថាប័នមានសមត្ថកិច្ចក្នុងការចាត់ វិធានការចាំបាច់នានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here