តម្លៃមាសនៅទ្រឹង ខណៈវិនិយោគិនវាយតម្លៃសញ្ញារបស់ធនាគារ Fed លើការដំឡើងការប្រាក់បន្ថែមទៀត

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសនៅទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការផ្អាកដែលរំពឹងទុកយ៉ាងទូលំទូលាយរបស់ធនាគារ Federal Reserve លើការដំឡើងអត្រាការប្រាក់ ទោះបីជាមានការណែនាំអំពីការកើនឡើងបន្ថែមទៀតបានកំណត់ដុំមាសនៅជិតកម្រិតទាបនៃវគ្គមុនយ៉ាងណាក្តី។

មាស Spot Gold ស្ថិតនៅតម្លៃ១៩៤២,១៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0024 GMT។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៧%ដល់១៩៥៤,៥០ដុល្លារក្នុងមួយអោន។

ធនាគារFedក្នុងការព្យាករសេដ្ឋកិច្ចថ្មី បានផ្តល់សញ្ញាថាសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុក និងការធ្លាក់ចុះអតិផរណាយឺតៗនឹងនាំឱ្យមានការកើនឡើងនៃអត្រាការប្រាក់ថែមទៀតនៅចុងឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះដែរ ប្រធានធនាគារកណ្តាលអាមេរិក (Fed) លោក Jerome Powell បានលើកឡើងថា វាឆាប់ពេកក្នុងការអះអាងថា អតិផរណានឹងបន្តថយចុះ ទោះបីជាក្រុមមន្ត្រីរំពឹងថា សម្ពាធតម្លៃនឹងស្ថិតនៅលើនិន្នាការធ្លាក់ចុះយ៉ាងណាក្តី។

ឥឡូវនេះ ក្រុមពាណិជ្ជករកំពុងកំណត់តម្លៃក្នុងឱកាសប្រហែល៦៥% នៃការដំឡើងអត្រាការប្រាក់របស់ធនាគារ Fed នៅក្នុងខែកក្កដាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME Fedwatch ។

ក្រុមហ៊ុន SPDR Gold Trust GLD ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានអះអាងថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,១៩%មកត្រឹម៩២៩,៧០តោនកាលពីថ្ងៃពុធធៀបនឹង៩៣១,៤៣តោននៅក្នុងវគ្គមុននេះ។

តម្លៃ Spot silver បានធ្លាក់ចុះ០,២% មកនៅត្រឹម២៣,៨៨២ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីននៅទ្រឹងត្រឹម៩៧៤,៣៧ដុល្លារក្នុងមួយអោន ហើយតម្លៃ Palladium បានធ្លាក់ចុះ០,១% មកត្រឹម១៣៨៤,៥០ដុល្លារក្នុងមួយអោន បន្ទាប់ពីហក់ឡើងថ្លៃជាង៣%នៅក្នុងវគ្គមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here