វិស័យដីធ្លីនៅទីក្រុងតាខ្មៅ មានសន្ទុះខ្លាំង បន្ទាប់ពីរដ្ឋាភិបាលប្រកាសកាត់ផ្នែកមួយចំនួនចូលក្រុងភ្នំពេញ

ដោយ៖ SenShi
ភ្នំពេញ៖ វិស័យដីធ្លីនៅទីក្រុងតាខ្មៅ មានសន្ទុះខ្លាំង បន្ទាប់រាជរដ្ឋាភិបាល កន្លងទៅកាលពីពេលថ្មីៗនេះ បានប្រកាសពីគម្រោងកាត់ដីមួយចំនួនពីក្រុងតាខ្មៅមកចូលក្នុងក្រុងភ្នំពេញ។

សេចក្ដីប្រកាសនេះ បានធ្វើឱ្យទីផ្សារអចនាទ្រព្យនៅតាខ្មៅដែលកំពុងមានសន្ទុះស្រាប់ រឺតតែផ្ទុះឡើងខ្លាំងជាងមុនបន្ថែមទៀត ដែលជាចំណុចវិជ្ជមានដល់វិស័យអចលនទ្រព្យ បើទោះបីជាស្ថិតក្នុងវិបត្តិជំងឺរាតត្បាត។

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Services បានប្រាប់នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា “អចលនទ្រព្យនៅក្រុងតាខ្មៅ ខណៈពេលនេះតម្លៃដីមានការកក្រើក ហើយក៏ចេះតែរីកទៅៗ នឹងឡើងថ្លៃមិនថានៅជនបទ រឺក៏ទីប្រជុំជន និងជាពិសេសតំបន់ដែលនៅជាប់ផ្លូវ៦០ម៉ែត្រ ផងដែរដែលមានការឡើងថ្លៃជាងមុនបន្តបន្ទាប់គ្នា”។

លោកស្រី បានមានប្រសាសន៍បន្ថែមទៀតថា “ទីក្រុងតាខ្មៅ ប្រាកដជាប្រែក្លាយជាទីក្រុងរណប ដ៏មានឥទ្ធិពលសេដ្ឋកិច្ចរីកចម្រើនខ្លាំង ក្នុងរយៈពេល៤ទៅ៥ឆ្នាំខាងមុខនេះជាក់ជាមិនខាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី បានបន្តថា ប្រសិនបើលោកអ្នកមានបំណងចង់ទិញអចនាទ្រព្យទុក ដើម្បីលក់យកចំណេញ រឺក៏សម្រាប់រស់នៅ ទីក្រុងតាខ្មៅ គឺជាតំបន់មួយក្នុងតំបន់ផ្សេងៗទៀតដែលមានសក្ដានុពលនាអនាគត ពិតជាពុំខកបំណងនោះទេ។

លោក បានបន្តទៀតថា “តម្លៃដីនៅក្នុងតំបន់ក្រុងតាខ្មៅ គឺអាស្រ័យទៅតាមទីតាំងរបស់ដី ក៏ដូចជាទំហំរបស់ដីតូច ដីធំ ផ្លូវតូច ផ្លូវធំ ជនបទ រឺក៏ទីប្រជុំជន ដែលតម្លៃបច្ចុប្បន្នគឺតំបន់ ចំពោះដីនៅផ្លូវធំ បើមានទំហំតូចគឺមានតម្លៃគិតជាម៉ែត្រការ៉េ មានតម្លៃថ្លៃជាងដីដែលមានទំហំធំ ដោយតម្លៃចាប់ពី ២០០ដុល្លារជាង ទៅ ៣០០ដុល្លារជាង ក្នុងមួយម៉ែត្រការ៉េ ហើយប្រសិនបើដីមានផ្ទះគឺរឹតតែមានតម្លៃថ្លៃជាងនេះ”។

ចំណែកឯ តម្លៃលំនៅដ្ឋានវិញ ដែលស្ថិតនៅលើផ្លូវធំវិញមានតម្លៃចាប់ពី ១០ម៉ឺនទៅ២០ម៉ឺនដុល្លារជាង សម្រាប់ផ្ទះមួយល្វែង ដែលមានកម្ពស់ចាប់ពី៣ទៅ៤ ជាន់ឡើងទៅផងដែរ។ បន្ថែមពីនេះ គឺតម្លៃដីនៅតំបន់ផ្លូវតូច មានតម្លៃចាប់ពី ១០០ដុល្លារទៅក្រោម១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

កាលពីថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចកាត់តំបន់មួយចំនួននៃក្រុងតាខ្មៅ ខេត្តកណ្តាល ទំហំ ៣០២ហិកតា មកជាចំណុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោរ ដើម្បីដោះស្រាយ និងសម្រួលដល់ការអនុវត្តប្លង់មេសម្រា់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជាសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈ។

យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ថា “ខ្ញុំសូមគោរពជម្រាបជូន សម្ដេចប្រមុខរដ្ឋស្ដីទី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល បានធ្វើលិខិតមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ ៣៧៦ហិកតា ពីក្រុងតាខ្មៅ ខេត្តកណ្តាល ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ រាជធានីភ្នំពេញ”។

នៅក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា ការស្នើសុំកែសម្រួលព្រំប្រទល់ខាងលើនេះ ដើម្បីដោះស្រាយ និងសម្រួលដល់ការអនុវត្តប្លង់មេសម្រា់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជាសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ ការរក្សាសន្ដិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការងារសង្គមផ្សេងៗ។

តំបន់ដែលត្រូវកែសម្រួលព្រំប្រទល់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ ត្រូវបានសម្រេចកាត់ភូមិចំនួន៥ ដែលធ្លាប់ស្ថិតនៅចំណុះរដ្ឋបាលខេត្តកណ្តាល មកជាចំណុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here