ដោយៈ គង់ ហ្វីអូណា
សៀមរាបៈ កាលពីចុងសប្តាហ៍មុន លោកបណ្ឌិត ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងលោកJonathan KINGS ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលហ្សឺឡង់ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) លើគំរោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់និងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
MOUនេះ ពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំង សម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត សម័យបុរាណឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបញ្ចៀសទឹកជំនន់ នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម។
នេះជាគម្រោងទី៤ហើយ ដែលប្រទេសនូវែលហ្សឺឡង់បានមកសិក្សារួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា លើការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍នៅក្នុងតំបន់អង្គរ ចាប់តាំងពីអំឡុងឆ្នាំ២០០៩មក ដោយបានបែងចែកជាបីដំណាក់កាល រួមមាន
ទី១ដំណាក់កាលទី១ (២០០៩ – ២០១០)៖ ជាគម្រោងសាកល្បងដែលមានឈ្មោះថា “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិ ក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។
ទី២- ដំណាក់កាលទី២ (២០១១ – ២០១៣)៖ គម្រោង “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។
ទី៣- ដំណាក់កាលទី៣ (២០១៤ -២០១៩)៖ គម្រោង “គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ”ដែលហៅកាត់ថា ACHA (Angkor Community Heritage and Economic Advancement)៕