ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា សម្រេចបានកំណើន៥,៦%ក្នុងត្រីមាសទី១ ឈានដល់៩៣,៣លានដុល្លារ

សុខុម

ភ្នំពេញ: ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា បានកត់ត្រាបុព្វលាភធានារ៉ាប់រងសរុបចំនួន៩៣,៣លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ ដោយកើនឡើង៥,៦%ពី៨៨,៣លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា (IRC) កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា បង្ហាញថា កំណើននេះសម្រេចបានដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បុព្វលាភធានារ៉ាប់រងសរុបនៃទីផ្សារធានារ៉ាប់រងទូទៅអំឡុងខែមករា ដល់ខែមីនា ដើមឆ្នាំនេះមានចំនួន៤២,៧លានដុល្លារ ដោយកើនឡើង៦,៥% ខណៈបុព្វលាភធានារ៉ាប់រងអាយុជីវិតសរុបមានចំនួន៤៨,៧លានដុល្លារ ដោយកើនឡើង៣,៥% ហើយបុព្វលាភធានារ៉ាប់រងខ្នាតតូចមានចំនួន១,៨៣លានដុល្លារ ដោយកើនឡើង៤៥%។

របាយការណ៍ដដែលបញ្ជាក់ថា ចំនួនសរុបនៃការទាមទារសំណងដែលក្រុមហ៊ុនធានារ៉ាប់រងបានទូទាត់សងទៅអតិថិជនរបស់ខ្លួនមានចំនួន៥,៨៥លានដុល្លារ អំឡុងត្រីមាសទី១ ដោយកើនឡើង២០,៦%បើធៀបនឹង៤,៨៥លានដុល្លារ កាលពីឆ្នាំមុន។

របាយការណ៍ដដែលបង្ហាញទៀតថា វិស័យធានារ៉ាប់រងនៅកម្ពុជា មានទ្រព្យសកម្មសរុបចំនួន១ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ ដើមឆ្នាំនេះ ដោយកើនឡើង៩,៦%។

លោក Bou Chanphirou អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) មានប្រសាសន៍ថា វិស័យធានារ៉ាប់រងបានរួមចំណែកប្រមាណ១,១%ដល់ផលទុនជាតិសរុប (GDP) របស់កម្ពុជា ក្នុងមួយឆ្នាំៗ។

លោកបានបន្តថា “នេះសរបង្ហាញឱ្យឃើញថា កំណើននៃវិស័យធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាប បើធៀបនឹងប្រទេសក្នុងតំបន់ និងពិភពលោក។ វាបង្ហាញថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅមានឱកាសរីកចម្រើនបន្ថែមទៀត”។

*អ្វីទៅជាបុព្វលាភធានារ៉ាប់រង ឬ Insurance Premiums?បុព្វលាភធានារ៉ាប់រង គឺជាថ្លៃដែលអតិថិជនជាអ្នកទិញធានារ៉ាប់រងត្រូវបង់ជាធម្មតាប្រចាំខែសម្រាប់ការធានារ៉ាប់រងលើអ្វីមួយដូចជាការធារ៉ាប់រងសុខភាព ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងអគ្គិភ័យជាដើម៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here