ចំណុចហានិភ័យៈតើអ្នកគួរពិនិត្យឯកសារអ្វីខ្លះមុនសម្រេចចិត្តខ្ចីឥណទានពីស្ថាប័នហិរញ្ញវត្ថុនានា?

ដោយៈ និស្ស័យ

ភ្នំពេញៈ ការសម្រេច​ចិត្ត​ខ្ចី​លុយ​ពីស្ថាប័​នហិរញ្ញវត្ថុ ដើម្បី​ប្រើប្រាស់​ផ្ទាល់​ខ្លួន និង​ពង្រីក​មុខរបរ អ្នក​ត្រូវ​ប្រាកដ​ថា​រាល់​ឯកសារ​ផ្សេងៗ ​មុន​ចុះ​ហត្ថលេខា​ត្រូវ​បាន​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ហើយ​​ក៏​ត្រូវចេះ​​ជជែក​ចរចា​ដើម្បី​ទទួល​បាន​លក្ខខណ្ឌ​ល្អ។

អ្នកជំនាញហិរញ្ញវត្ថុ លោក ម៉ី វាសនា នាយកប្រតិបត្តិ​ប្រាក់​​កម្ចីនៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ បានមានប្រសាសន៍ឲ្យដឹងថា ប្រជាឆពលរដ្ឋ​មួយ​ចំនួន ​ពេល​ទៅ​ខ្ចី​លុយ​ធនាគារ ហាក់​ធ្វេសប្រហែស​មិន​សូវ​​ពិនិត្យ​ទៅ​លើ​កិច្ចសន្យា ​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ​​ ដែល​អាច​នាំ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ។

ការ​សិក្សា​ឲ្យ​ច្បាស់ពី​កិច្ច​សន្យា ដើម្បី​ទទួល​បាន​ការ​ការពារ​ និង​កាត់​បន្ថយ​ភាព​ប្រឈម​ដែល​កើត​ឡើង​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ក្រើន​រំលឹក​ឲ្យ​ប្រុង​ប្រយ័ត្ន ​មិនមែន​ឲ្យ​តែ​គេ​ឲ្យ​ខ្ចី ស៊ីញេ​មិន​បាន​មើល​មុខមើលក្រោយ។

លោក​បាន​លើក​ឡើង​ករណី​ជាក់ស្ដែង​ ដូចជា​ ការ​ដំឡើង​ការ​ប្រាក់។ ថ្មីៗ​នេះ​ធនាគារ​មួយ​ចំនួន ​បាន​ប្រកាស​ដំឡើង​អត្រា​ការ​ប្រាក់​ទាំង​អតិថិជន​ចាស់​និង​អតិថិជន​ថ្មី។

ត្រង់​ចំណុច​នេះ លោក​បាន​រំលឹក​ក្នុង​កិច្ច​សន្យា​មុន​ស៊ីញេ​ត្រូវ​តែ​ពិនិត្យ​មាន​ការ​​កំណត់​ចង​យ៉ាងណា។​ ​បើ​សិន​មាន​ការ​ដំឡើង​អត្រា​ការ​ប្រាក់ថ្មី​​​ក្នុង​កាលៈទេសៈណាមួយ​​ ប៉ះពាល់​​​ដល់​អតិថិជន​ចាស់​លើអត្រាការប្រាក់មុនដែរ​ឬទេ។

មួយ​ទៀត​ករណី​អតិថិជន​ស្នើ​បង់​ផ្តាច់​។ ធនាគារ​ខ្លះ​ផាក​ពិន័យ​លើ​ចំនួន​ទឹក​ប្រាក់​ដែល​នៅ​សល់ តែ​ក៏​មាន​ករណីគឺ​គេ​​ពិន័យ​ទៅលើ​ចំនួន​ទឹកប្រាក់​បញ្ចេញ​ដើម​ដំបូង។

ឧទាហរណ៍​អតិថិជន​ខ្ចី១០ម៉ឺន​ដុល្លារ ក្នុង​កិច្ច​សន្យា​បញ្ជាក់​បើ​ករណី​អតិថិជន​ ស្នើ​បង់​ផ្តាច់​មុន​កាល​កំណត់​ ត្រូវ​ពិន័យ៣%។ ត្រង់​នេះ​ត្រូវ​ប្រាកដ​ពិន័យ៣% ហ្នឹង​ទៅ​លើ​ប្រាក់​ដើម​១០ម៉ឺន ​ដែល​បាន​ខ្ចី​ដំបូង​​ ឬ​ចំនួន​ដែល​នៅ​សល់​ ឧទាហរណ៍​បើយើង​បង់​បាន៥ម៉ឺន។ ត្រង់​ចំណុច​ហ្នឹង​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់។

ជាមួយគ្នានេះ លោក កាំង តុងងី​ អ្នក​នាំ​ពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​​ ក៏​ចូលរួម​រំលែក​​បទពិសោធន៍ ​ដល់​អតិថិជន​មុន​ប្រើប្រាស់​សេវាកម្ចី ​គ្រឹះស្ថាន​ឥណទានណាមួយ ​ត្រូវ​ចេះ​ប្រៀប​ធៀប​ចេះ​តថ្លៃ ដើម្បី​ទទួល​បាន​លក្ខខណ្ឌ​ល្អ។

លោក​ណែនាំឲ្យចេះ​​សិក្សាប្រៀបធៀប​​អត្រា​ការប្រាក់ រយៈពេ​ល​សង លក្ខខណ្ឌ​កម្ចី ការ​ផាក​ពិន័យ​ផ្សេង​ៗ មុន​ដាក់​ស្នើ​ទៅ​​គ្រឹះ​ស្ថាន​ណាមួយ​។ អត្រា​ការ​ប្រាក់​ធនាគារ​មួយ​ចំនួន​ថោក​មែន តែ​ក៏​ភ្ជាប់​លក្ខខណ្ឌ​ដូច​តម្រូវ​ឲ្យ​មាន​ប្លង់​រឹង ហើយ​អចលនទ្រព្យ​នោះ​សោ​ត ​ត្រូវ​ស្ថិត​នៅ​ក្នុង​តំបន់​ប្រជុំ​ជន​ឬ​ក្នុង​ទីក្រុង។

ជាមួយគ្នា​នេះ​លោកបាន​លើក​ ពី​ការ​ចំណាយ​បន្ថែមផ្សេងៗ​របស់​អតិថិជន​ពីសេវា​របស់​​ធនាគារ​​ដូចជា​ ​ថ្លៃ​មេធាវី ថ្លៃ​វាយ​តម្លៃ​អចលនទ្រព្យ ថ្លៃ​សេវា​ឥណទាន (Loan Fee) និង​ធនាគារ​ខ្លះ​គិតថ្លៃ​​សេវា​សារការី​ទៀត។ តែ​បើ​អតិថិជន​ចេះ​ចរចា ការ​ចំណាយ​បន្ថែម​ទាំង​នេះ​អាច​ទទួល​បាន​ការ​លើក​លែង​ និង​អនុគ្រោះ​បាន​ខ្លះ​ដែរ។

លោក​ក្រើន​រំលឹក​ឲ្យ​ប្រុង​ប្រយ័ត្ន​ កុំ​គិត​ឲ្យ​​តែ​បាន​លុយ​​ផ្តិត​មេដៃប្រយ័ត្ន​កិច្ច​សន្យា​ចង​ជាប់​ពិបាក​ដោះស្រាយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here