តម្លៃដែកនៅប្រទេសចិនដាំក្បាលចុះ ខណៈតម្រូវការដែកសម្រាប់វិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធធ្លាក់ចុះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃដែកសសៃ នៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល៣ឆ្នាំចុងក្រោយនេះ គិតត្រឹមសប្តាហ៍នេះ បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារតែកំណើនយឺតយ៉ាវ របស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោកមួយនេះ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងមានភាពចុះខ្សោយស្រាប់ ។

យោងតាមទិន្នន័យដែលទទួលបានពីក្រុមប្រឹក្សា Mysteel បានបង្ហាញឱ្យដឹងទៀតថា តម្លៃដែកសសៃ ប្រភេទ HRB400 20mm ដែលប្រើប្រាស់ច្រើនក្នុងការពង្រឹងបេតុង សម្រាប់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បានធ្លាក់ចុះមកនៅត្រឹម៣៥១០យ័ន(ប្រហែល៥០៧,៨ដុល្លារ) ប៉ុណ្ណោះក្នុងមួយតោន​ ។

ទោះជាយ៉ាងនេះក្តី នេះគឺជាកម្រិតទាបបំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ២០២០ មក នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ចាប់ផ្តើមផ្ទុះឡើង នៅក្នុងប្រទេសចិន ដែលបានបង្ខំឱ្យសកម្មភាពឧស្សាហកម្មជាច្រើនត្រូវបានផ្អាកដំណើរការទាំងស្រុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ លោក Takahiro Mori អនុប្រធានក្រុមហ៊ុន Nippon Steel Corp របស់ប្រទេសជប៉ុន បានថ្លែងប្រាប់មកកាន់សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះថា “ស្ថានភាពនៅក្នុងប្រទេសចិនគឺអាក្រក់ ហើយទស្សនវិស័យ សម្រាប់តម្រូវការដែក នៅក្នុងប្រទេសនេះ បានធ្លាក់ចុះខ្លាំង បើធៀបនឹងរយ:ពេល៣ខែមុន ” ។

វិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ បានរួមចំណែកប្រហែល ៦០% នៃតម្រូវការនៅក្នុងវិស័យដែក នៅក្នុងប្រទេសចិន ប៉ុន្តែតម្រូវការទាំងនោះបានធ្លាក់ចុះខ្លាំង នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបានថយចុះ ស្របពេលទីផ្សារអចលនទ្រព្យ ក៏កំពុងបង្ហាញពីកំណើនដ៏តិចតួចផងដែរ។

បន្ថែមពីលើនេះទៀត ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Huatai Futures បានឱ្យដឹងនៅក្នុងការស្រាវជ្រាវរបស់ខ្លួន កាលថ្ងៃទី២១ ខែឧសភា កន្លងទៅថា តម្រូវការដែករបស់ប្រទេសចិន បានធ្លាក់ចុះ៣,៤%នៅក្នុងខែមេសា បើធៀបទៅនឹងការកើនឡើង ៨,៧% កាលពីក្នុងខែមីនា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here