ដំណឹងល្អៈប្រទេសចិនអនុញ្ញាត្តឲ្យកម្ពុជានាំចូលផលិតផលកសិកម្មចំ​នូន១១មុខបន្ថែមទៀតហើយ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ជាដំណឹងរីករាយមួយសម្រាប់កម្ពុជា ដោយផលិតផលកសិកម្មរបស់កម្ពុជាចំនួន១១ប្រភេទថែមទៀត ​ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។

ផលិតផលកសិកម្មទាំង១១ប្រភេទនោះ សុទ្ធសឹងជាជលផលគ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រ​​។ នេះបើតាមលោក​ ប៉ែន​ សុវិជាតិ​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួពាណិជ្ជកម្ម បានឲ្យដឹងនៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៣។

លោក​ ប៉ែន​ សុវិជាតិ​ បានថ្លែងថា​ ពិធីសារចំនួន៣ ស្តីពីលក្ខខ័ណ្ឌ​តម្រូវនាំចូល​ សម្រាប់ផលផលិតផលជលផលកម្ពុជា​ ត្រូវបានចុះហត្ថលេខា​រវាងប្រទេសចិន​ និងកម្ពុជា​រួចរាល់ ដូច្នេះប្រទេសកម្ពុជាអាចនាំចេញ​ផលិតផលជលផល​ គ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រទៅកាន់ទីផ្សាចិនបាន។ ប៉ុន្តែរាល់ការនាំចេញ​ក្រុមហ៊ុន ដែលមានបំណងនាំចេញ​ ត្រូវធ្វើការចុះបញ្ជីនៅអគ្គរដ្ឋបាលគយចិន (GACC) មុនពេលនាំចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ដទៀតថា​ ថ្មីៗកន្លងទៅនេះ អគ្គរដ្ឋបាលគយចិន បានអនុម័ត លើការចុះបញ្ជី​របស់ក្រុមហ៊ុននាំចេញ មានឈ្មោះ KIM CHOU Co., Ltd Import Export and International Transportation ដែលបានស្នើសុំនាំចេញផលផលិតផល ជលផលពីធម្មជាតិចំនួន ១១ប្រភេទទៅកាន់ប្រទេសចិន។

ផលិផលចំនួន១១ប្រភេទនេះរួមមាន៖​ កំពឹសទឹកសាប,​ ត្រីប្រាធំ, ត្រីប្រាខ្ចៅ,​ ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង,​ បង្គាស,​ និងបង្គាប៉ារ៉ា។

លោក​ ប៉ែន​ សុវិជាតិ​ បានបញ្ជាក់ថា​ ការជំរុញការនាំចេញ ផលិត​ផលកសិកម្ម រួមមានផលផលិតផលជលផល​ ជាគោលនយោបាយ​អភិវឌ្ឍន៍​វិស័យកសិកម្ម និងក្របខណ្ឌផែនការយុទ្ធសាស្ត្រ សម្រាប់វិស័យជលផលក្នុងការចូលរួមធានា សុខសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បង្កើតការងារពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបន្ដថា​ “ការនាំចេញផលផលិតផលជលផល របស់ក្រុមហ៊ុន​ KIM CHOU ដែលអគ្គរដ្ឋបាលគយចិន​ទើបអនុញ្ញាត​នេះ គ្រាន់តែការបោះជំហ៊ាន ទៅក្នុងការធ្វើពាណិជ្ជកម្ម​ លើផលិតផល​​ជលផលកម្ពុជា​ ទៅកាន់ទីផ្សារចិន​ ជាទីផ្សារ​មានសក្តានុពលក្នុងតំបន់”។

លោកបានបញ្ជាក់ថា​ ចំពោះការនាំចេញនេះនឹងជួយដល់វិស័យ SMEs ផ្នែកក្រោយប្រមូលផលជលផល មានការអភិវឌ្ឍ និងពង្រីកខ្លួនកាន់តែទូលំទូលាយ ជាពិសេសការរកទីផ្សារ​ សម្រាប់ផលផលិត​ផលជលផល។

រហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិន រួមមាន អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច រួមទាំងផលិតផលជលផលពីធម្មជាតិចំនួន១១ប្រភេទថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here