ពលរដ្ឋអាមេរិក ដល់ទៅជិត២០លានគ្រួសារកំពុងជួបវិបត្តិខ្វះលទ្ធភាពបង់ថ្លៃអគ្គិសនី

ដោយ៖ សុខុម

ញូវយ៉ក: ពលរដ្ឋអាមេរិក ជាច្រើនលាននាក់នៅពេលនេះកំពុងជួបវិបត្តិខ្វះលទ្ធភាពបង់ថ្លៃថាមពលអគ្គិសនី ដែលធ្វើឱ្យពួកគេត្រូវគិតសាចុះសាឡើងមុននឹងសម្រេចចិត្តបើកម៉ាស៊ីនត្រជាក់នៅរដូវក្ដៅនេះ។

ការឡើងថ្លៃខ្ពស់នៃទំនិញសំខាន់ៗ ជាពិសេសស្បៀងអាហារ និងលំនៅដ្ឋាន បានធ្វើឱ្យពលរដ្ឋអាមេរិក យ៉ាងច្រើនខ្វះលទ្ធភាពបង់ថ្លៃថាមពលអគ្គិសនីដែលឡើងថ្លៃស្រឺតៗ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

ការឡើងថ្លៃនេះបានធ្វើឱ្យពលរដ្ឋអាមេរិក ដែលខ្វះលទ្ធភាពបង់ថ្លៃថាមពលអគ្គិសនីកើនឡើងរហូតដល់ទៅជិត២០លានគ្រួសារគិតមកទល់នឹងខែមីនា ឆ្នាំ២០២៣ ដោយកើនឡើងពី១៧,៦លានគ្រួសារក្នុងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យរបស់សមាគមនាយកផ្ដល់ជំនួយថាមពលជាតិ (National Energy Assistance Directors Association) បង្ហាញថា គ្រួសារទាំងនេះបានជំពាក់ថ្លៃថាមពលអគ្គិសនីសរុប១៩,៥ពាន់លានដុល្លារ ដោយកើនឡើងពី១៥,៧ពាន់លានដុល្លារ ក្នុងខែមីនា ឆ្នាំ២០២២។

លោក Mark Wolfe នាយកប្រតិបត្តិនៃសមាគមនេះបានលើកឡើងថា “ពលរដ្ឋមានបន្ទុកត្រូវទិញស្បៀងអាហារផង និងបង់ថ្លៃឈ្នួលផ្ទះផង។ ដូចនេះ តើថ្លៃវិក្កយបត្រមួយណាដែលពលរដ្ឋអាចពន្យារបង់បាន? នោះគឺវិក្កយបត្រថាមពល មិនអ៊ីចឹង?”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋអាមេរិក ជាច្រើនត្រូវបង្ខំចិត្តតស៊ូជម្នះនឹងអាកាសធាតុ បន្ទាប់ពីការឡើងថ្លៃខ្ពស់នូវតម្លៃឧស្ម័នធម្មជាតិ ប្រេងដុតកម្ដៅក្នុងផ្ទះ និងអគ្គិសនី បូករួមរដូវរងារដែលកាន់តែត្រជាក់ និងរដូវក្ដៅដែលកាន់តែក្ដៅនៅក្នុងតំបន់ជាច្រើននៃទឹកដីសហរដ្ឋអាមេរិក៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here