បណ្ឌិតសភាចារ្យ សុខ ទូចៈកម្ពុជាពុំមានភាពចាំបាច់ត្រូវបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារពីក្នុងទឹកដីថៃឡើយ

ដោយៈ ហ្វីអូណា

ភ្នំពេញៈ បន្ទាប់ពីព្រំដែននៅតំបន់ប្រាសាទវិហារ ត្រូវបានបិទអស់រយៈពេល១៥ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០០៨ ដែលកងទ័ពនៃប្រទេសទាំងពីរ បានប៉ះទង្គិចគ្នាដោយអាវុធរួចមក ច្រកចូលត្រង់ពីខាងទឹកដីថៃមកកាន់ប្រាសាទព្រះវិហារត្រូវបាន បិទទាំងស្រុង។

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ ដែលបានលើកឡើងពីបំណងដែលថៃស្នើសុំបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនៈយល់ឃើញផ្ទាល់របស់ឯកឧត្ដមថា កម្ពុជាពុំមានភាពចាំបាច់ត្រូវបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារ ពីក្នុងទឹកដីថៃនោះឡើយ ដោយលោក បណ្ឌិតសភាចារ្យបានគូសបញ្ជាក់ហេតុផល សំខាន់ៗចំនួន៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហេតុផលទី១ករណីប្រាសាទព្រះវិហារគឺជាការជាន់ដានប្រវត្តិសាស្ត្រដដែលៗដែលភាគីថៃតែងតែចិញ្ចឹមចិត្តថាប្រាសាទព្រះវិហារជារបស់ខ្លួនដោយកន្លងមកថៃធ្លាប់បានបង្វែរបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនទៅជាចរន្តជាតិនិយមដោយយកបញ្ហាប្រាសាទព្រះវិហារជាគោលដៅរួចមកហើយ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថាជាក់ស្ដែង ខ្ញុំបានចងចាំព្រឹត្តិការណ៍ឆ្នាំ២០០៨យ៉ាងច្បាស់ ដែលកាលណោះ ខ្ញុំបានឱ្យមន្ត្រីរបស់ខ្ញុំឡើងចងបដា ប៉ុន្តែគ្មាននរណាហ៊ានឡើងចងឡើយ ចុងក្រោយខ្ញុំបានសម្រេចចិត្តឡើង ចងបដាដោយខ្លួនឯងផ្ទាល់

ហេតុផលទីពីរ ត្រូវបានលោកបណ្ឌិតសភាចារ្យ សុខ ទូច ពន្យល់ថា ការធ្វើដូចនេះ(ការបើកច្រកចូលប្រាសាទព្រះវិហារពីខាងថៃ) កម្ពុជានឹងអាចបាត់បង់ភ្ញៀវទេសចរ ដែលគេត្រូវមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជា ព្រោះប្រសិនបើកម្ពុជាឯកភាព ក្នុងការបើកច្រកនេះ ភ្ញៀវទេសចរនឹងទៅស្នាក់អាស្រ័យ នៅក្នុងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជា បាត់បង់ចំណូលមួយផ្នែករបស់ខ្លួន ពីភ្ញៀវទេសចរដែលមានបំណងមកទស្សនាប្រាសាទព្រះវិហារ។

ហេតុផលសំខាន់ទី៣គឺក្នុងពេលដែលភ្ញៀវទេសចរបរទេសសម្រេចចិត្តទៅស្នាក់នៅក្នុងប្រទេសថៃក្នុងគោលដៅធ្វើដំណើរមកទស្សនាប្រាសាទព្រះវិហារគេនឹងបរិភោគតែផលិតផលផលិតនៅក្នុងស្រុកថៃ។

ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាពន្យល់ថា កាលណាភ្ញៀវទេសចរ ស្នាក់នៅក្នុងប្រទេសថៃ គេបរិភោគតែអាហារ និងផលិតផលរបស់ថៃ នោះកម្ពុជានឹងខាតបង់នូវអត្ថប្រយោជន៍មួយបន្ថែមទៀតគឺ ឱកាសដែលកម្ពុជាអាចបង្ហាញនូវផលិតផលរបស់ខ្លួនដល់ភ្ញៀវទេសចរ។

នៅតាមតំបន់ព្រំដែនកម្ពុជាថៃ មានច្រកអន្តរជាតិនិងច្រកតំបន់សរុបយ៉ាងហោចណាស់ចំនួន២៤រួចស្រេចទៅហើយ៕

RAC Media

LEAVE A REPLY

Please enter your comment!
Please enter your name here