ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក ទិត រិទ្ធីពល បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Wallis Yu នាយកការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ទាក់ទងនឹងបច្ចុប្បន្នភាព នៃពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិក។
បើយោងតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងកាលពីថ្ងៃទី១៨ ឧសភាថា កិច្ចពិភាក្សាក៏មានតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលរួមផងដែរនោះ លោកស្រី Wallis Yu បានលើកយកនូវចំណុចសំខាន់ៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀងស្តីពី ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា-សហរដ្ឋអាមេរិក ដូចជា ការធ្វើបច្ចុប្បន្នភាពទាក់ទងនឹងកម្មសិទ្ធិបញ្ញា ការដោះស្រាយវិវាទពាណិជ្ជកម្ម និងការដោះស្រាយវិវាទក្នុងវិស័យការងារ។់
លោក ទិត រិទ្ធីពល បានធ្វើបច្ចុប្បន្នភាពលើកិច្ចការទាំងនោះ ពិសេសការរំលេច ពីការចូលរួមយ៉ាងសកម្ម របស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងការការពារ និងការលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញា តាមរយៈការចូលរបស់កម្ពុជា ក្នុងអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ការបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានមិនទម្លាយចេញ ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី វិធានការរដ្ឋបាលសម្រាប់អនុវត្តកម្មសិទ្ធិបញ្ញាកម្ពុជា ក៏ដូចជាការស៊ើបអង្កេត និងបង្ក្រាបករណីពាក់ព័ន្ធទំនិញក្លែងក្លាយ ដែលត្រូវបានរកឃើញមួយចំនួន នៅក្នុងទីផ្សារកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព។
អនុរដ្ឋលេខាធិការ បានជម្រាបពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដោយផ្អែកលើគោលការណ៍ឈ្នះឈ្នះ និងការអនុម័តកាតព្វកិច្ចអន្តរជាតិបន្ថែម ពិសេសការបន្តសុពលភាពកម្មវិធី Better Factories Cambodia (BFC) រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ និងអង្គការពលកម្មអន្តរជាតិ កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។
បើតាមក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៦ នៃក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-អាមេរិក (TIFA) ភាគីទាំង២នឹងបន្តដោះស្រាយកិច្ចការសំខាន់ៗ កម្រិតក្រុមការងារបច្ចេកទេសឱ្យរួចរាល់ឆាប់ៗ មុននឹងកំណត់កាលបរិច្ឆេទសមរម្យ សម្រាប់រៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាចម្រុះលើកទី៦ ដោយផ្ទាល់នៅសហរដ្ឋអាមេរិក តាមការសន្យារបស់ថ្នាក់ដឹកនាំនៃភាគីទាំង២ អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅខេត្តសៀមរាប កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ៕