កំពង់ផែស្វយ័តភ្នំពេញរកប្រាក់ចំណូលបាន១០,៧៧លានដុល្លារអាមេរិកនៅក្នុងរយៈពេល៤ខែដំបូង

ដោយ: គង់ លាងហួរ
ភ្នំពេញ: កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានប្រកាសប្រាក់ចំណូលសរុបចំនួន១០,៧៧លានដុល្លារសម្រាប់រយៈពេល៤ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ១៤ភាគរយពីចំណូលរបស់ខ្លួនចំនួន១២,៥៣លានដុល្លារសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

សហគ្រាសគ្រប់គ្រងដោយរដ្ឋដែលបានចុះបញ្ជីជាសាធារណៈនេះបានឱ្យដឹងនៅក្នុងឯកសារដាក់ជូនទៅកាន់ផ្សារមូលបត្រកម្ពុជាថា ខ្លួនបានរាយការណ៍ពីប្រាក់ចំណូលសរុបចំនួន២,៥៤លានដុល្លារក្នុងខែមេសាឆ្នាំនេះ ធ្លាក់ចុះ១៦ភាគរយពីប្រាក់ចំណូលរបស់ខ្លួនចំនួន៣,០៤លានដុល្លារសម្រាប់ខែមេសាដូចគ្នាកាលពីឆ្នាំមុន។

កំពង់ផែ PPAP បានរាយការណ៍ពីការថយចុះ២៤ភាគរយនៃប្រាក់ចំណូលពីប្រតិបត្តិការកំពង់ផែសម្រាប់រយៈពេល៤ខែដំបូងក្នុងឆ្នាំ២០២៣នេះ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនពីប្រតិបត្តិការកំពង់ផែក្នុងខែមេសាឆ្នាំនេះបានធ្លាក់ចុះ២០ភាគរយមកត្រឹម២,០២លានដុល្លារពី២,៥១លានដុល្លារសម្រាប់ខែដូចគ្នាកាលពីឆ្នាំមុន។

ទោះបីជាមានការថយចុះនៃប្រាក់ចំណូលពីប្រតិបត្តិការកំពង់ផែយ៉ាងណាក្តី ប៉ុន្តែ PPAP បានកត់ត្រាការកើនឡើងនៃប្រាក់ចំណូលពីអាជ្ញាធរកំពង់ផែ និងប្រាក់ចំណូលផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ចំណូលរបស់ខ្លួនពីអាជ្ញាធរកំពង់ផែបានកើនឡើង៣ភាគរយដល់៣៣៦.១៨៥ដុល្លារអាមេរិកក្នុងខែមេសា កើនឡើងពី៣២៧.៧៥២ដុល្លារក្នុងខែដូចគ្នាកាលពីឆ្នាំមុន។

ដូចគ្នានេះដែរ ប្រាក់ចំណូលរបស់កំពង់ផែទន្លេផ្នែកសាធារណៈពីអាជ្ញាធរកំពង់ផែបានកើនឡើង១២ភាគរយដល់១,៤៩លានដុល្លារក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣នេះ ធៀបនឹង១,៣៣លានដុល្លារសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែក ចំណូលរបស់ក្រុមហ៊ុនពីប្រាក់ចំណូលផ្សេងទៀតបានកើនឡើង៣ភាគរយដល់១៧៥.៥៤៦ដុល្លារក្នុងខែមេសាឆ្នាំនេះ បើធៀបនឹងប្រាក់ចំណូលចំនួន១៧០.៨៨៩ដុល្លារដែលទទួលបានសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ម្យ៉ាងវិញទៀត ប្រាក់ចំណូលរបស់កំពង់ផែ PPAP ពីសេវាកម្មផ្សេងទៀតបានកើនឡើង៥០៥ភាគរយដល់៤៨២.២២៤ដុល្លារអាមេរិកនៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here