សម្តេចតេជោ: វិស័យកសិកម្មនៅតែមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់កម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ទោះបីជាចំណែករបស់វិស័យនេះសម្រាប់ផលិតផលក្នុងស្រុកសរុបមានការថមថយចុះយ៉ាងណាក្តី។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជាង៣ពាន់នាក់មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម មហាវិទ្យាល័យកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម កាលពីម្សិលមិញនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា “កាលពីមុន វិស័យកសិកម្មគ្របដណ្តប់ប្រហែល៨០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ប៉ុន្តែឥឡូវនេះធ្លាក់ចុះមកតិចជាង ៣០ភាគរយ ប៉ុន្តែវិស័យកសិកម្មនៅតែបន្តមានសារៈសំខាន់ក្នុងការធានាបាននូវសន្តិសុខស្បៀង”។

សម្តេចតេជោបាន គូសបញ្ជាក់ ថា “ទោះបីជាវិស័យសេវាកម្មឧស្សាហកម្ម និង វិស័យផ្សេងទៀតជាកត្តាជំរុញ កំណើនសេដ្ឋកិច្ចយ៉ាងណាក្តីក៏កម្ពុជាមិនអាចព្រងើយកន្តើយចំពោះវិស័យកសិកម្មបានដែរ ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានសម្តែងការអបអរសាទរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងវិស័យកសិកម្មផងដែរ។

យោងតាមធនាគារពិភពលោកបានឱ្យដឹងថា វិស័យកសិកម្មរបស់កម្ពុជា កំពុងស្ថិតក្នុងការផ្លាស់ប្តូរយ៉ាងឆាប់ រហ័ស ហើយភាពជោគជ័យរបស់វិស័យនេះនឹងនៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្កើនវិបុលភាពរួមគ្នានៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងកំណើន៥ភាគរយ ប្រាក់ឈ្នួលរបស់កសិករត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងចំនួន៣ដងពី១.២០០ដុល្លារអាមេរិកនាពេលបច្ចុប្បន្នរហូតទៅដល់៣.៧៦០ដុល្លារនៅក្នុងឆ្នាំ២០៣០ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here