កិច្ចប្រជុំកំពូលអាស៊ានពិភាក្សាជំរុញសមាហរណកម្មសេដ្ឋកិច្ច និងឯកភាពក្នុងតំបន់

ដោយ: គង់ លាងហួរ

អន្តរជាតិ: កិច្ចប្រជុំ​កំពូល​អា​ស៊ាន​លើក​ទី​៤​២​ ​ត្រូវ​បាន​រៀបចំឡើង​នៅ​ទីក្រុង​ឡា​ប៊ូ​ន​បា​ចូ ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ដោយ​បាន​សង្កត់ធ្ងន់​លើ​ភាព​សំខាន់​នៃ​ការ​ឯកភាព​គ្នា​ក្នុង​តំបន់​ ​និង​ ​សមាហរណ​កម្ម​សេដ្ឋកិច្ច​។​

លោក​ Joko ​W​i​do​do​ ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ​មាន​ប្រសាសន៍ថា​ ​“ជាមួយ​នឹងការ​ឯកភាព​គ្នា​ ​អា​ស៊ាន​នឹងធ្វើជា​អ្នកឈរនៅកណ្តាល​ក្នុង​ការ​ពាំ​នាំ​សន្តិភាព​ ​និង​ ​ការ​អភិវឌ្ឍន៍​ ហើយនៅ​ពេលអនាគត​ ​អា​ស៊ាន​នឹង​ត្រូវ​ពង្រឹង​សមាហរណ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ ​កិច្ច​សហប្រតិបត្តិការ​ ​រួម​ទាំង​ការ​អនុវត្ត​ភាព​ជា​ដៃគូ​​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ ​ពង្រឹង​ផ្នែកសុខភាព​ ​អាហារ​ ​ថាមពល​ ​ក៏ដូចជា​ការ​រក្សា​ស្ថេរ​ភាព​ហិរញ្ញវត្ថុ​ផង​ដែរ​”។

កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​លើក​ទី​៤​២​ ​ក៏បាន​បញ្ជាក់​នូវ​ការ​គាំទ្រ​ចំពោះ​ភាពជា​ប្រធាន​អា​ស៊ាន​របស់​ឥណ្ឌូ​នេ​ស៊ី​ ​ក្រោម​មូលបទ​ ​“សារៈសំខាន់​អា​ស៊ាន​៖​ ​ស្នូល​នៃ​កំណើន​ ​និង​វឌ្ឍនភាព​ក្នុង​ការ​សម្រេច​បាន​នូវ​អាទិភាព​របស់​អា​ស៊ាន​ឆ្នាំ​២​០​២​៣​” ​ដែល​មាន​គោលដៅ​ពង្រឹង​អា​ស៊ាន​ជា​អង្គការ​មួយ​ដែល​មាន​ភាព​រឹង​មាំ​ ​និង​សកម្ម​”។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​ជំនួប​កំពូល​នេះ​ ​សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃកម្ពុជាក៏​បាន​ជួបពិភាក្សា​ទ្វេរភាគី​ជាមួយ​សម​ភាគី​វៀតណាម​ ​និង​ទី​ម័រខាងកើត​ ​កាលពី​រសៀល​ថ្ងៃអង្គារ​សប្តាហ៍នេះផង​ដែរ​។​​ជាមួយគ្នា​នេះ​ ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ ​F​e​r​din​and​ ​Mar​co​s Jr ​បាន​អំពាវនាវ​ដល់​ប្រទេស​សមាជិក​អា​ស៊ាន​ទាំងអស់ឱ្យបង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោលការណ៍​ពាណិជ្ជកម្ម​សេរី​។​

លោក​​​ F​e​r​din​and​ ​Mar​co​s  មានប្រសាសន៍ថា ​“អា​ស៊ាន​គួរតែ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​គោលការណ៍​ពាណិជ្ជកម្ម​សេរី​ ​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​”។​ លោក​​​មានប្រសាសន៍​បន្តថា “ពួក​យើង​មាន​សុទិដ្ឋិនិយម​ថា​ កិច្ចព្រមព្រៀង​ R​E​C​P​ ​និង​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​លូតលាស់ដែល​នឹង​ជួយ​កសាង​ភាព​ធន់​ ​និង​ការ​ផ្គត់ផ្គង់​សង្វាក់​ផលិតកម្ម​ ដើម្បី​គាំទ្រ​ម៉ា​ក្រូ ​និង​គ្រឹះស្ថាន​ខ្នាត​តូច​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​”។​

នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក​ ​Lee​ ​H​s​i​e​n ​Loong​ ​ក៏​បាន​ចង្អុលបង្ហាញ​ពី​សារៈសំខាន់​នៃ​សមាហរណ​កម្ម​សេដ្ឋកិច្ច​សម្រាប់​សមាជិក​អា​ស៊ាន​ផង​ដែរ​។​ លោក​​​ Lee បានមានប្រសាសន៍​ ​“អា​ស៊ាន​ត្រូវ​ការពង្រីក​កិច្ច​ព្រម​ព្រៀង​ស្នូល​បន្ថែម​ទៀត​ដូចជា​ ​ពាណិជ្ជកម្ម​អា​ស៊ា​នក្នុង​កិច្ច​ព្រមព្រៀង​ទំនិញ​”។​

​លោក Lee​ ​H​s​i​e​n ​Loong បន្តថា​ “ពួកយើង​អាច​ទទួល​បានផល​ចំណេញ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ពីការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​តភ្ជាប់​ឌី​ជី​ថល​ ​និង​អក្ខរកម្ម​របស់​ប្រជាជន​របស់យើង​”។​

ក្រុមមេដឹកនាំ​អា​ស៊ាន​ ​ក៏បាន​អះអាង​ជាថ្មី​ ​នូវ​ការ​ប្តេជ្ញា​ចំពោះ​ការ​អនុវត្ត​យ៉ាងពេញលេញ​ និង​ប្រកបដោយប្រសិទ្ធ​ភាព​ ​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ ​ក្នុង​គ្រប់​ទិដ្ឋភាព​ ​ព្រម​ទាំង​ការ​បង្កើត​លេខាធិការដ្ឋាន​ដើម្បី​ពង្រឹង​សង្វាក់​ផ្គត់ផ្គង់​ក្នុងតំបន់​ ​និង​រួមចំណែក​ដល់​របៀបវារៈ​សមាហរណ​កម្ម​សេដ្ឋកិច្ច​អា​ស៊ាន​ ​ក៏ដូចជា​រក្សា​នូវ​មជ្ឈ​ភាព​អា​ស៊ាន​ផងដែរ។

លើសពីនេះអា​ស៊ានក៏បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​ខ្លួនក្លាយ​ជា​ចំណុច​ស្នូល​នៃ​កំណើន​សេដ្ឋកិច្ច​​ ​តាមរយៈ​ការ​បង្កើន​ការ​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ និង​មុត​ស្រួច​ ​ដើម្បីឆ្ពោះទៅ​រក​អនាគត​នៃ​ការងារ​ ​និង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ចំពោះ​ការ​វិវឌ្ឍ​ឌី​ជី​ថល​ដ៏​លឿន​រហ័ស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here