រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរីសរសើការរៀបចំ បើកស៊ីហ្គេមនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ លោកធាវ ឈីហ៊ាន បានគោរពសម្ដែងនូវការ អបអរសាទរជូនដល់​សម្ដេចតេជោ ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន ​បានយ៉ាង​អស្ចារ្យ និងជោគជ័យ។

លោកបានប្រសាសន៍ថា “កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួមបានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានគោរពសម្ដែង នូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ នៅក្នុងការប្រយុទ្ធ​ប្រឆាំង ​នឹងជំងឺកូវីដ-១៩ បានជោគជ័យ និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានយ៉ាងជោគជ័យ។

លោកធាវ ឈីហ៊ាន ក៏បានគោរពជម្រាបខ្លួន ​សម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ​មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីជំរុញទំនាក់ទំនង រវាងប្រទេស​ទាំងពីរ​ឱ្យឈាន​ឡើងមួយជំហ៊ានទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន​សិង្ហបុរី ដែលបានបញ្ជូនកីឡាករ កីឡាការិនី ​មកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា ​ដែល​ញ៉ាំង​ឱ្យ​ព្រឹត្តិ​ការណ៍ស៊ីហ្គេមនៅកម្ពុជា ​កាន់​តែ​មានភាព​អធិកអធម។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ​ជូនដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ​ក្នុងឱកាសដែលកម្ពុជារៀបចំនិងដឹកនាំកិច្ចប្រជុំកំពូល ​និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនៅព្រះរាជាណា​ចក្រ​កម្ពុជា​ហើយពាក់ព័ន្ធ នឹងការជំរុញទំនាក់ទំនង ​រវាងប្រទេសទាំងពីរ ដើម្បីឈានឡើងមួយជំហាន​ថែមទៀតនោះ។

សម្ដេចតេជោ បានវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការ ដែល មាន​ស្រាប់​រវាង​ប្រទេសទាំងពីរ ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​ហើយក៏បានលើកទឹកចិត្តឲ្យភាគីទាំង​ពីរ​ ពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សាណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបោន។

ជាមួយគ្នានោះដែរសម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ច សហប្រតិបត្តិការលើវិស័យ​ដទៃទៅទៀត ដែលអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here