លោកបណ្ឌិតអោម សេងបូរ៉ាដឹកនាំសមាជិកCEO Master Clubនិងផែនសហគ្រិនវ័យក្មេងទស្សនកិច្ចសិក្សានៅរមណីយដ្ឋានគិរីរម្យ

ដោយៈ ជេស៊ីកា

        កំពង់ស្ពឺៈ លោកបណ្ឌិតអោម សេងបូរ៉ាស្ថាបនិកCEO Master Club​និងជាប្រធានផែនសហគ្រិនវ័យក្មេង នៃគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំថ្នាក់ដឹកនាំផែនសាខាសហគ្រិន និងសមាជិកទៅទស្សនកិច្ច និងសិក្សាពីភាពជាអ្នកដឹកនាំ នៅរមណីយដ្ឋានគិរីរម្យកាលពីចុងសប្តាហ៍មុន។

ដំណើរទស្សនកិច្ច ផ្សារភ្ជាប់ជាមួយកម្មវិធីបណ្តុះបណ្តាលពីភាពជាអ្នកដឹកនាំ និងការកសាងសុភមង្គលគ្រួសារនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃCEO Power Team និងថ្នាក់ដឹកនាំសាខា អនុប្រធានសាខា ទីប្រឹក្សា និងសមាជិកចូលរួមជាង១០០នាក់។

កម្មវិធីពិសេសនេះ មានការលេងហ្គេមកំសាន្ត ដោយផ្សារភ្ជាប់ជាមួយការឆ្លុះបញ្ចាំងពីខ្លួនឯង ពីវិធីសាស្រ្តដឹកនាំរបស់ថ្នាក់ដឹកនាំនិមួយៗ ដែលទាមទារឲ្យមានការជ្រើសរើសមេដឹកនាំ ឲ្យបានត្រឹមត្រូវ ការកសាងក្រុម ការមានទស្សនវិស័យ និងចក្ចុវិស័យច្បាស់លាស់ ការសាមគ្គីភាពជាធ្លុងមួយ និងការជឿជាក់លើមេដឹកនាំ ដើម្បីសម្រេចបាននូវបេសកកម្មរួមមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតអោម សេងបូរ៉ាបានអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំ នៃក្រុមហ៊ុននិមួយៗ ឡើងឆ្លើយសំណួរសំខាន់ៗចំនួនបីរូមមាន ទី ១ តើអ្នកចង់បានសង្គមបែបណាសំរាប់ គ្រួសារ សង្គមជាតិ និងពលរដ្ឋ? ទី២ តើអ្នកត្រូវតែចូលរួមធ្វើសកម្មភាពអ្វីខ្លះ ដើម្បីសំរេចបាននូវអ្វីសំរាប់សង្គមជាតិរបស់អ្នកនោះ? និងទី៣ តើអ្នកមានការប្តេជ្ញាចិត្តយ៉ាងដូចម្តេច ដើម្បីសម្រេចបានបេសកកម្ម និងគោលដៅនេះ។

លោកបណ្ឌិតបានមានប្រសាសន៍ថា ក្នុងពិភពជំនួញ អ្នកដឹកនាំជំ​នួញ តែងតែមានភាពតានតឹង តែងតែមានជោគជ័យ និងបរាជ័យ ដោយសារក្នុងពិភពជំនួញ ក៏ដូចជា ក្នុងជីវិតរបស់យើងតែងតែមានការប្រកួតប្រជែង ទោះបីជាយើងមិនចង់ក៏ដោយ។

លោកបន្តថា “អ្នកខ្លះមានអារម្មណ៍បាក់ទឹកចិត្ត នៅពេលមានបញ្ហាអ្វីមួយ ឬមុខជំនួញរបស់ខ្លួ​នមិនបានជោគជ័យ ឬបរាជ័យក្នុងការប្រកួតប្រជែង”។ លោកបន្តថា “បើយើងបាក់ទឹកចិត្ត នៅពេលយើងមានបញ្ហា បន្ទាប់ពីយើងមិនបានជោគជ័យ លើការប្រកួតប្រជែង មានន័យថា យើងមិនទាន់ជាអ្នកដឹកនាំពោរពេញ ដោយភាពតរ៉ឹងមាំនោះទេ”។

លោកបណ្ឌិតអោម សេងបូរ៉ាបានបន្តទៀតថា ក្នុងជីវិតរបស់យើង អាចជួបការខកចិត្តឬបរាជ័យជាបន្តបន្ទាប់ទៀត ហេតុនេះយើងត្រូវចាត់ទុកថា នេះជារឿងធម្មតាក្នុងជីវិតរបស់យើង ប៉ុន្តែយើងត្រូវតែរ៉ឹងមាំ និងរៀនពីកំហុស ដើម្បីកុំឲ្យកំហុសដដែលៗ កើតមានម្តងទៀត។

ទាក់ទងនឹងការងារផែនសហគ្រិនវ័យក្មេង រាជធានីភ្នំពេញ លោ​កបណ្ឌិតអោម សេងបូរ៉ាបានមានប្រសាសន៍ថា នៅថ្ងៃទី២៨ ឧសភា ២០២៣ខាងមុខនេះ ផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ នឹងដឹកនាំសហគ្រិន៣០០០នាក់ ជួបជាមួយលោកបណ្ឌិតហ៊ុ​ន ម៉ាណែតបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។

លោកបន្តថា “លោកបណ្ឌិតហ៊ុន ម៉ាណែតជាថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាពខាងចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ដែលជាគ្រាប់ពូជសម្តេចតេជោ ហើយយើងនឹងគាំទ្រលោក បោះឆ្នោតជូនគណៈបក្សប្រជាជន ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ មានការរីកចម្រើន ដើម្បីកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here