រដ្ឋមន្រ្តីពាណិជ្ជកម្មចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សេដ្ឋកិច្ចអាស៊ាន

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ កម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២២ នៅទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

រដ្ឋមន្រ្តីរូបនេះ ក៏ជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកAIRLANGGA HARTARTO រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច របស់សាធារ​ណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមទាំងមានការចូលរួម ពីបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេ​ខាធិការអាស៊ាន និងមន្ត្រីលេខាធិការដ្ឋាន អាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច របស់ប្រទេសទីម័រខាងកើត និងគណៈប្រតិភូ ក៏បានចូលរួមក្នុងនាមជាសមាជិកសង្កេតការណ៍ ផងដែរ។

ប្រធានអង្គប្រជុំបានថ្លែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះបណ្តា​រដ្ឋមន្ត្រីក្រុមប្រឹក្សា សហគមន៍សេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិ​ការអាស៊ាន គណៈប្រតិភូសមាជិកអាស៊ាន មន្ត្រីលេខាធិការដ្ឋានអាស៊ាន និងរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច របស់ប្រទេសទីម័រខាងកើត ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះនិងបាន ផ្តល់ការគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីពិនិត្យ ផ្តល់អនុសាសន៍ណែនាំ កត់សម្គាល់ អនុម័ត ក៏ដូចជាចែករំលែកនូវទស្សនៈគ្នាទៅវិញទៅមក រវាងបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើរបៀបវារៈសំខាន់ៗ រួមមាន (១)វឌ្ឍនភាពនៃកិច្ចការនិងគំនិតផ្តួចផ្តើមនានា របស់អាស៊ានពាក់ព័ន្ធ នឹងការអភិវឌ្ឍប្រកបដោ​យចីរភាព (២)ដំណើរការនៃការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ របស់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៣ (៣) ទស្សនវិស័យសេដ្ឋកិច្ចតំបន់និងសាកល (៤)វឌ្ឍនភាពនៃសមិទ្ធផល អាទិភាពសេដ្ឋកិច្ច ព្រមទាំងអាទិភាពប្រចាំឆ្នាំ ក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី (៥)វឌ្ឍនភាពនៃការបង្កើតក្របខ័ណ្ឌ សម្រាប់ការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។

(៦)វឌ្ឍនភាពនៃការអនុវត្ត និងអនុលោមភាពទៅនឹងផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (៧)ការត្រៀមរៀបចំនានា របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥  (៨) ដំណើរការនិងវឌ្ឍនភាពនានានៃសំណើរបស់ទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន និង (៩)ការត្រៀមរៀបចំនានារបស់សសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ជាដើម។

លោករដ្ឋមន្ត្រី ក៏បានបានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលក្នុងនោះក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសរុបចំនួន១៩ អាស៊ានសម្រេចបានចំនួន១៦ ខណៈដែលសមិទ្ធផលអាទិភាពចំនួន៣ទៀត គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣នេះ។

លោកបានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នា ជាមួយនឹងបណ្តាប្រ​ទេសសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់នូវការគាំទ្រនិងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី សំដៅជំរុញឱ្យសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ក៏ដូចជាកិច្ចការអាទិភាពនានា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានទទួលបាននូវលទ្ធផល និងផ្លែផ្កាជាទីគាប់ចិត្ត ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២៣ របស់ប្រទេសឥណ្ឌូនេស៊ី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here