ប្រទេសថៃបានទាក់ទាញរោងចក្រថ្មីៗបានរហូតដល់ចំនួនជាង១.២០០កន្លែង

ដោយៈ សុខុម

បាងកក: ប្រទេសថៃបានសាងសង់ ឬពង្រីករោងចក្រសរុបចំនួន១.២១១រោងចក្រ អំឡុងឆមាសទី១ ដើមឆ្នាំសារពើពន្ធ២០២៣ ដោយបង្កើតការងារបានជាង៣០.០០០កន្លែង។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃពុធ ទី៣ ខែឧសភា។

លោក Anucha Nakasai រដ្ឋមន្ត្រីឧស្សាហកម្មស្ដីទី បានលើកឡើងថា មួយផ្នែកនៃការវិនិយោគនេះ អំឡុងពេលខែតុលា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ បានមកពីសហគ្រិន ក្នុងឧស្សាហកម្មជីវប្លាស្ទិក (Bioplastic) និងឧស្សាហកម្មរថយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង និងរថយន្តដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

លោកបន្ថែមទៀតថា “រដ្ឋាភិបាលបានចាប់ផ្ដើម កម្មវិធីកាត់បន្ថ​យពន្ធក្រុមហ៊ុន ដើម្បីជំរុញការវិនិយោគផ្នែកផលិតកម្មជីវប្លាស្ទិក”។ការវិនិយោគក្នុងវិស័យជីវប្លាស្ទិក បានឈានដល់ទឹកប្រាក់ចំនួន៥៥៩លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម និងក្រសួងហិរញ្ញវត្ថុបាន និង​កំពុងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់​ការផលិតបន្ថែម​ទៀត នូវប្លាស្ទិក​ដែលងាយរលាយនៅក្នុងប្រទេសថៃ។ កិច្ចប្រឹងប្រែងរបស់ក្រសួងទាំងពីរនេះ​មានគោលបំណង កាត់​បន្ថយសំណល់​ប្លាស្ទិក ដែល​បង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន។

សមាគមឧស្សាហកម្មជីវប្លាស្ទិកថៃ (Thai Bioplastics Industry Association) បានអះអាងកាលពីដើមឆ្នាំនេះថា ថៃ ជាប្រទេសផលិត នូវផលិតផលជីវប្លាស្ទិកធំបំផុតទី២ ក្នុងពិភពលោក ដើម្បីបំពេញនូវតម្រូវការកើនឡើងនៅបរទេស។

ផលិតកម្មជីវប្លាស្ទិក មិនត្រឹមតែបន្ថែមតម្លៃ ទៅលើផលិតផលកសិកម្មរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា​ការជួយគាំទ្រដល់​កិច្ចប្រឹងប្រែង​របស់ពិភព​លោក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិកទៅលើបរិយាកាសផងដែរ និងជាជម្រើសមួយ ​សម្រាប់ដោះស្រាយបញ្ហា​ដែលបង្កឡើងដោយការប្រើប្រាស់ប្លាស្ទិក៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here