រួមគ្នាផ្តល់កម្លាំងចិត្តដល់អត្តពលិកជាតិក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធា​រណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន៤៩រូប ដោយមានការចូលរួមផងដែរ ពីលោក លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

ជំនួបសំណេះសំណាលនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់កម្លាំងចិត្តជូនដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក នៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធ បានថ្លែងកោតសរសើរ និងអំណរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាក្នុងការហ្វឹកហាត់តាំងពីដើមរហូតមកដល់ការប្រកួតនាពេលនេះ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេ​សបានខិតខំបញ្ជូនកូន និងសាច់ញាតិ ឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាការរួបរួមសាច់ឈាមខ្មែរ បេះដូងជាខ្មែរ ដែលតែងតែមកជួយដល់ជាតិខ្មែរ បើទោះជាមិនបានរស់នៅក្នុងប្រទេសក៏ដោយ។

ក្នុងពិធីសំណេះសំណាលនេះ ដើម្បីជាការលើកទឹកចិត្តដល់ប្រតិភូកីឡាករ កីឡាការិនី ទាំងអស់ លោកទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានឧបត្ថម្ភដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក វិញ្ញាសាកីឡាហែលទឹក ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងម្នាក់ៗ២០០ ដុល្លារអាមេរិក បន្ថែ​ម​ពីលើទឹកប្រាក់ឧបត្ថម្ភ ចំនួន៥០០ដុល្លារអាមេរិក ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសចំពោះកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន១ម៉ឺនដុល្លារបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here