ការនាំចេញរបស់អូស្ត្រាលីទៅកាន់ប្រទេសចិនចាប់ផ្តើម ហក់ឡើងខ្ពស់សាជាថ្មី

ដោយៈ សុខុម

ប៉េកាំង: ការនាំចេញរបស់អូស្ត្រាលី ទៅកាន់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងខែមីនា ដើមឆ្នាំ២០២៣។ខណៈនេះមហាយក្សចិន សម្រុកទិញរ៉ែដែកកាន់តែច្រើនសម្រាប់ឧស្សាហកម្មដែករបស់ខ្លួន និងបានកាត់បន្ថយឧបសគ្គរាំងស្ទះ ដល់ការដឹកជញ្ជូនធ្យូងថ្មផលិតថាមពល (Thermal Coal) ចំពេលទំនាក់ទំនងការទូតល្អប្រសើរជាងមុន។

ទិន្នន័យចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា បង្ហាញថា ការនាំចេញទំនិញរបស់អូស្ត្រាលី ទៅកាន់ប្រទេសចិន បានកើនឡើងដល់១២,៧ពាន់លានដុល្លារអាមេរិក ក្នុងខែមីនា ដោយកើនឡើង៣១% បើធៀបនឹងឆ្នាំ២០២២ និងច្រើនជាងកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីពាក់កណ្ដាលឆ្នាំ២០២១ ទៅទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការកើនឡើងនេះ បានជួយលើកអតិរេកពាណិជ្ជកម្ម (Trade Surplus) សរុបរបស់ប្រទេសអូស្ត្រាលី ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានទី២ របស់ខ្លួនក្នុងរង្វង់១០,២ពាន់លានដុល្លារអាមេរិក ដែលជាប្រយោជន៍ ដល់ប្រាក់ចំណេញពីការជីកយករ៉ែ និងបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ (Tax Receipt)។

ទិន្នន័យពីការិយាល័យជាតិស្ថិតិ នៃប្រទេសអូស្ត្រាលី បានបង្ហា​ញថា បរិមាណនៃការនាំចេញរ៉ែដែក ទៅកាន់ប្រទេសចិន បានកើនឡើងច្រើន បើធៀបនឹងខែកុម្ភៈ ដោយការនាំចេញដុំរ៉ែដែក បានកើនឡើង២៤,៣% និងការនាំចេញកម្ទេចរ៉ែដែក បានកើនឡើង១៧,៧%។ការនាំចេញធ្យូងថ្មផលិតថាមពល (Thermal Coal) ទៅកាន់ប្រទេសចិន បានកើនឡើង១២៥%ក្នុងខែមីនា បើធៀបនឹងខែកុម្ភៈ ដោយទូទាត់ស៊ីសងការធ្លាក់ចុះ នៃការនាំចេញទៅកាន់ប្រទេសជប៉ុន។

រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ចប់បម្រាមក្រៅផ្លូវការ លើធ្យូងថ្មរបស់អូស្ត្រាលី ក្នុងខែមករា ដោយអនុញ្ញាតការសម្អាតពន្ធគយជាលើកដំបូង ចាប់តាំងពីឆ្នាំ២០២០ នៅពេលរដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្ដើមរឹតបន្តឹងពាណិជ្ជកម្ម លើផលិតផលនាំចូលពីប្រទេសអូស្ត្រាលី ជាបន្តបន្ទាប់ ខណៈទំនាក់ទំនងបានជាប់គាំង នៅពេលវិបត្តិកូវីដ-១៩ ផ្ទុះដំបូងៗ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here