កម្ពុជាចូលរួមបើកព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជា២០២៣» នៅប្រទេសជប៉ុន

ដោយ:លី​ លី

ភ្នំពេញ៖ លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូកម្ពុជា អញ្ញើញចូលរួមពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជា២០២៣» ដែលរៀបចំឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានការចូលរួមពីសំណាក់ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ តំណាងអង្គទូត ពាណិជ្ជករ និស្សិត និងសហគមន៍ខ្មែរនៅប្រទេសជប៉ុនចំនួនជាង ២០០នាក់។


នៅក្នុងពិធីបើកព្រឹត្តការណ៍ កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ លោករដ្ឋលេខាធិការ បានធ្វើការបង្ហាញអំពីសក្តានុពល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ដែលកាលពីឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានជាង ២ ៤៥៤លានដុល្លារ ក្នុងនោះ ជប៉ុននាំចេញទៅកម្ពុជាមានទឹកប្រាក់ប្រមាណ ៥១៥លានដុល្លារ និងនាំចូលពីកម្ពុជាមកវិញ មានទឹកប្រាក់ប្រមាណ ១ ៩៣៩លានដុល្លារ។


លោកបានចាត់ទុកការចូលរួមពិព័រណ៍កម្ពុជានៅពេលនេះ ជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការផ្សព្វផ្សាយ និងជំរុញផលិតផលខ្មែរ សេវាកម្ម គម្រោងវិនិយោគ និងវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានការទទួលស្គាល់ក្នុងទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ លោក ក៏បានជម្រាបជូនអង្គពិធី អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចូលរួម “ពិព័រណ៍ពិភពលោក ២០២៥” រយៈពេល ០៦ខែ នៅទីក្រុងអូសាកា ដែលតាមរយៈការចូលរួមពិព័រណ៍ពិភពលោកនេះ ធ្វើឱ្យកម្ពុជាមានសិទ្ធិ ស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងការទូតរវាងកម្ពុជានិងប្រទេសម្ចាស់ផ្ទះ ក៏ដូចជារវាងបណ្តាប្រទេសអ្នកចូលរួម នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀត។ លើសពីនេះទៀត ពិព័រណ៍ពិភពលោក ក៏នឹងផ្តល់ឱកាសឱ្យពាណិជ្ជករ ក្រុមហ៊ុន សហគ្រាសកម្ពុជា បានជួបចរចាផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទៅវិញទៅមក ជាអន្តរជាតិផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ


តាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងទៀតថា នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ២០២៣នេះ មានរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណខ្មែរ និងតន្រ្តីសម័យ ហើយមានស្តង់ប្រមាណ ១០០ស្តង់ បានដាក់តាំងបង្ហាញឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ប្រពៃណីខ្មែរ និងទេសចរណ៍ ព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មខ្មែរ ដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមទស្សនា។ នៅក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here