លំហូរ FDI ចូលប្រទេសឥណ្ឌូនេស៊ីហក់ឡើងដល់ជាង២០ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ      

ហ្សាការតា: នាពេលថ្មីៗនេះ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)ចូលប្រទេសឥណ្ឌូនេស៊ី បានហក់ឡើងដល់២០,២% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ​ ខណ:លំហូរនេះត្រូវបានជំរុញយ៉ាងខ្លាំង ដោយឧស្សាហកម្មដែក ចំពេលមានកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ជុំវិញការជំរុញទៅលើការវិនិយោគលើវិស័យរ៉ែ។

យោងតាមទិន្នន័យដែលទទួលបាន ពីក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំនេះ លំហូរ FDI ដែលមិនរាប់បញ្ចូលការវិនិយោគ ក្នុងវិស័យធនាគារ ប្រេង និងឧស្ម័ន មានតម្លៃ១៧៧ទ្រីលានរីងហ្គីត (១១,៩៦ពាន់លានដុល្លារ) ពោលគឺបានកើនឡើង៤៣,៣% បើធៀបនឹងត្រីមាសចុងក្រោយ ក្នុងឆ្នាំ២០២២ ។

លើសពីនេះ រដ្ឋមន្រ្តីក្រសួងវិនិយោគ លោក Bahlil Lahadalia បានមានប្រសាសន៍ថា លំហូរវិនិយោគផ្ទាល់ពីបរទេស ចូលក្នុងវិស័យផលិតកម្ម ជាពិសេសទៅលើឧស្សាហកម្មលោហ:ធាតុ នៅត្រីមាសទី១នេះ ​បានជាប់ចំណាត់ថ្នាក់លើគេ ដែលវាបានបង្ហាញយ៉ាងច្បាស់ពីផលវិជ្ជមាន ចំពោះគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការផ្តល់តម្លៃបន្ថែម ទៅកាន់ធនធានធម្មជាតិ ដែលមាននៅក្នុងប្រ​ទេស ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មិនតែប៉ុណ្ណោះ យោងតាមទិន្នន័យរបស់ក្រសួងខាងលើ បានបង្ហាញឱ្យដឹងទៀតថា ប្រទេសសិង្ហបុរី ហុងកុង និងប្រទេសចិន គឺជាប្រភពធំបំផុតសម្រាប់លំហូរ FDI ចូលប្រទេសឥណ្ឌូនេស៊ី នៅក្នុងត្រីមាសទី១នេះ​ ដោយសិង្ហបុរី បានវិនិយោគក្នុងទឹកប្រាក់៤,៣ពាន់លា​នដុល្លារ ហុងកុងវិនិយោគ១​,៥ពាន់លានដុល្លារ និងចិនបានបោះទុនវិនិយោគ១,២ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here