ហាងឆេងមាសហក់ឡើងថ្លៃខ្លាំងលើសពី២០០០ដុល្លារក្នុង១អោន ខណៈធនាគារកណ្តាលអាមេរិកមិនទាន់ចេញការសម្រេចចិត្តលើការដំឡើងអត្រាការប្រាក់

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានរក្សាស្ថិរភាពលើសកម្រិត២.០០០ដុល្លារក្នុង១អោន នៅថ្ងៃពុធនេះ ខណៈដែលក្រុមអ្នកវិនិយោគបានបង្វែរការយកចិត្តទុកដាក់របស់ពួកគេចំពោះសេចក្តីសម្រេចលើការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅពេលខាងមុខនេះ។

Spot gold បានរក្សាតម្លៃរបស់ខ្លួននៅត្រឹម២០១៦,២៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង 0140 GMT បន្ទាប់ពីបានកើនឡើងច្រើនជាង១% នៅក្នុងវគ្គមុន ខណៈអត្រា Yields បានធ្លាក់ចុះដោយសារការភ័យខ្លាចជាថ្មីនៃការឆ្លងរាលដាលនៅក្នុងវិស័យធនាគាររបស់សហរដ្ឋអាមេរិក។ ចំណែក តម្លៃមាស Gold futures របស់សហរដ្ឋអាមេរិកបានកើនឡើង០,១% មកនៅត្រឹម២០២៦,១ដុល្លារ។

ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក Fed គឺត្រូវកំណត់នៅម៉ោង 1800 GMT ខណៈទីផ្សារភាគច្រើនរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចមូលដ្ឋាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Clifford Bennett ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន ACY Securities បានអះអាងថា “ប្រសិនបើធនាគារកណ្តាលអាមេរិក Fed ផ្អាកដំឡើងអត្រាការប្រាក់ វានឹងបង្ហាញពីវិបត្តិធនាគារកាន់តែស៊ីជម្រៅ ហើយអាចនឹងធ្វើឱ្យតម្លៃមាសហក់ឡើងខ្ពស់ជាងមុនថែមទៀត”។

យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា ការបើកការងារនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងខែមីនា ហើយការបញ្ឈប់ការងារបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរឆ្នាំ។

លោក Bennett បានបញ្ជាក់ថា ប្រសិនបើភាពមិនប្រាកដប្រជាអំពីវិបត្តិធនាគារ និងក្តីបារម្ភលើបំណុលរបស់សហរដ្ឋអាមេរិកនៅតែបន្តកើតមាន នោះប្រាក់ដុល្លារនឹងបាត់បង់ពន្លឺ ហើយពន្លឺកាន់តែច្រើននឹងធ្លាក់មកលើមាស ដែលធ្វើឱ្យតម្លៃមាសកាន់តែឡើងថ្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here