ក្រសួងពីរនៅកម្ពុជា សហការគ្នាលើកម្ពស់វិស័យកសិកម្មឌីជីថល

ដោយ÷ម៉ាលីនណា

នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU)សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អុីនធឺណេតរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងពិធីចុះMOUនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានលើកឡើងថា នេះជាការបើកនូវកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា Digital អភិវឌ្ឍន៍ទំនើបកម្មនៃក្រសួងទាំងពីរ ដោយក្នុងនោះក្រសួងកសិកម្មសហការពិនិត្យលទ្ធភាពទំនើបកម្មលើការផ្តល់ការរៀបចំ QR code លើឯកសារចៀសវាងការក្លែងបន្លំ ភ្ជាប់អុីនធឺណេតឱ្យរហ័សគ្រប់ការិយាល័យដើម្បីបង្កភាពងាយស្រួលនិងប្រសិទ្ធភាពការងារ និងបង្កើតប្រព័ន្ធបច្ចេកវិទ្យា (Develop Digital System) ដើម្បីជួយដល់ការងារកសិកម្មតាំងពីកសិករអ្នកផលិតរហូតដល់ទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាម ឯកឧត្តមរដ្ឋមន្ត្រី នេះជាការអភិវឌ្ឍទំនើបកម្មក្នុងវិស័យកសិកម្ម ហើយក្រសួងកសិកម្មគឺជាក្រសួងទី១ ដែលភ្ជាប់ MOU នេះសម្រាប់រដ្ឋាភិបាលនិងសង្គមជាតិ និងជាសក្ខីភាពបង្ហាញថា “ខ្មែរអាចធ្វើបាន”។

សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងទទួលរៀបចំបច្ចេកវិទ្យាលើការងារនេះ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពការងារខ្ពស់ជូនដល់ស្ថាប័ននានា និងប្រជាពលរដ្ឋ ដើម្បី ចំណាយថវិកាតិច ចំណេញពេលវេលា និងការពារមិនឱ្យមានការក្លែងបន្លំ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here