ប្រទេសជប៉ុន នាំចូលប្រេងឆៅស្ទើរតែ១០០ភាគរយពីបណ្ដាប្រទេសនៅអារ៉ាប់

ដោយៈ សុខុម

កូក្យូ: ការនាំចូលប្រេងឆៅរបស់ប្រទេសជប៉ុន ក្នុងខែមីនា ពីបណ្ដាប្រទេសនៅក្នុងពិភពអារ៉ាប់ គ្របដណ្ដប់រហូតដល់ទៅ៩៦,៦%នៃការនាំចូលសរុបក្នុងខែនោះ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៩ ខែមេសា។

ក្នុងបណ្តាប្រទេសទាំងនោះ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រ​ទេសអារ៉ាប់រួមអេមីរ៉ាត បានគ្របដណ្ដប់រហូតដល់ជាង៨០%នៃចំនួនប្រេងនាំចូលសរុប។ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារធនធានធម្មជាតិ និងថាមពលនៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន។

ប្រទេសជប៉ុន បាននាំចូលប្រេងសរុបចំនួន៧៧.៧០៩លានបារ៉ែលក្នុងខែមីនា ហើយចំនួន៧៥.០៣១លានបារ៉ែល ដែលស្មើនឹង៩៦,៦% នាំចូលពីប្រទេសចំនួន៥នៅពិភពអារ៉ាប់ រួមមានប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសអារ៉ាប់រួមអេមីរ៉ាត ប្រទេសគុយវ៉ែត ប្រទេសកាតា និងប្រទេសបារ៉ែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសអារ៉ាប៊ីសាអូឌីត បានផ្គត់ផ្គង់ប្រេងឆៅដល់ប្រទេសជប៉ុន ចំនួន៣២.៧៧៧លានបារ៉ែល (៤២,២%នៃចំនួនសរុប) អារ៉ាប់រួមអេមីរ៉ាត ផ្គត់ផ្គង់ចំនួន២៩.៧៩៧លានបារ៉ែល (៣៨,៨%) ប្រទេសគុយវ៉ែត ផ្គត់ផ្គង់ចំនួន៦,៥៥៩លានបារ៉ែល (៨,៤%) និងប្រទេសកាតា ផ្គត់ផ្គង់ចំនួន៤,៨៤៥លាន (៦,២%)។ ហើយប្រេងឆៅតិចជាង១លានបារ៉ែលបានមកពីតំបន់អព្យាក្រឹត និងប្រទេសអូម៉ង់។

សហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ ក៏បានរួមចំណែកដល់ការនាំចូលប្រេងរបស់ប្រទេសជប៉ុនផងដែរ ប៉ុន្តែតួលេខនៅក្នុងខែមីនា មិនបានបង្ហាញពីការនាំចូលពីប្រទេសរុស្ស៊ី នោះទេ។

បណ្ដាក្រុមហ៊ុនជប៉ុន ក៏បានបន្តធ្វើពហិការមិនទិញប្រេងរបស់ប្រទេសអ៊ីរ៉ង់ផងដែរ ខណៈខ្លួនគោរពតាមទណ្ឌកម្ម ដែលសហរដ្ឋអាមេរិក បានដាក់ទៅលើប្រទេសអ៊ីរ៉ង់។ ប្រទេសជប៉ុន ផលិតថាមពលប្រមាណ១ភាគ៣ពីប្រេង៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here