ប្រទេសឡាវ គ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាពីរដងនៅឆ្នាំនេះ

ដោយៈ សុខុម

វៀងចន្ទន៍: នៅមុនទិវាពលកម្មអន្តរជាតិ រដ្ឋាភិបាលឡាវ បានសម្រេចដំឡើងប្រាក់ឈ្នួល អប្បបរមាពី៧០ដុល្លារ ទៅ៧៦ដុល្លារ អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំខែ ដែលបានធ្វើឡើងនៅសប្តាហ៍នេះ។

ប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានអនុម័តនេះ នឹងចូលជាធរមាននៅថ្ងៃទី០១ ដើមខែឧសភា ដូចដែលបានចុះផ្សាយដោយ​សា​រព័ត៌មាន Lao Security News។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃព្រហ​ស្បតិ៍ ទី២៧ ខែមេសា នេះឱ្យដឹងថា សំណើសុំដំឡើងប្រាក់ឈ្នួលអប្បបរមានេះ ត្រូវបានចុះហត្ថលេខា អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

ទោះបីជារដ្ឋាភិបាលឡាវ បានពិភាក្សាអំពីលទ្ធភាពនៃការដំឡើងប្រាក់ឈ្នួលអប្បបរមា បន្ថែមទៀតយ៉ាងណាក៏ដោយចុះ ក៏ខ្លួនបានប្រគល់តួនាទីនេះ ឱ្យទៅក្រសួងការងារ និងសុខុមាលភាពសង្គមបន្តការសម្របសម្រួល ជាមួយក្រសួងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការស្រាវជ្រាវឱ្យបានទូលំទូលាយ បន្ថែមទៀតលើប្រាក់ឈ្នួលអប្បបរមា ដែលអាចឱ្យពលរដ្ឋឡាវ រស់នៅបានសមរម្យ។

រដ្ឋាភិបាលឡាវសង្ឃឹមថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាបន្ថែមទៀតនៅក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២៣ ព្រោះវានឹងផ្តល់អត្ថប្រយោជន៍ដល់កម្មករជាច្រើននៅទូទាំងប្រទេស។

ក្រៅពីការអនុម័ត ការដំឡើងប្រាក់ឈ្នួលអប្បបរមា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ ក៏បានពិភាក្សាអំពីបញ្ហាសំខាន់ៗ ផ្សេងទៀតដូចជាការធ្វើឱ្យផ្លូវដែកល្បឿនលឿនឡាវ-ចិន កាន់តែមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរ ការដោះស្រាយការបំពុលបរិយាកាស និងការគ្រប់គ្រងការកើនឡើងនៃអតិផរណាផងដែរ។

រដ្ឋាភិបាលឡាវ មានគោលបំណងជំរុញទេសចរណ៍ ជាពិសេសនៅតាមបណ្តោយផ្លូវដែកល្បឿនលឿនឡាវ -ចិន ហើយខ្លួននឹងធ្វើការស្ទង់មតិពលរដ្ឋ សម្រាប់យកមកពិចារណា ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមផ្លូវដែកល្បឿនលឿននេះ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here