កម្ពុជា និងអារ៉ាប់រួមអេមីរ៉ាតព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ដោយៈ សុខុម

ឌូបៃ: កម្ពុជា និងអារ៉ាប់រួមអេមីរ៉ាត បានព្រមព្រៀងគ្នាលើលក្ខ​ខណ្ឌ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈប្រទេសនៅឈូងសមុទ្រមួយនេះ សម្លឹងរកឱកាសពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសនៅតំបន់អាស៊ី លើវិស័យសេដ្ឋកិច្ចជាយុទ្ធសាស្ត្រនានា។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋWAM នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ឱ្យដឹងថា ប្រទេ​សទាំងពីរ បានបញ្ចប់ការចរចា សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា។

នៅពេលចូលជាធរមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) នឹងលុបចោលពន្ធគយជាច្រើនលើផលិត​ផលកសិកម្ម ទំនិញស្បែក និងសម្លៀកបំពាក់ និងស្បែកជើង ខណៈបើកចំហទីផ្សារថ្មី សម្រាប់វិស័យផលិតកម្ម និងឧស្សាហកម្មរបស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Thani Al Zeyoudi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេសរបស់អារ៉ាប់រួមអេមីរ៉ាត បានចេញសេចក្តីថ្លែងការណ៍ថា “វិស័យផលិតកម្មស្បៀង និងកសិកម្មរបស់កម្ពុជា ដែលជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ខ្លួន ក៏នឹងជួយយើងឱ្យសម្រេចបាន នូវមហិច្ឆតាសន្តិសុខស្បៀងរបស់យើងផងដែរ”។

កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០២១ ជាពេលដែលសេដ្ឋកិច្ចពិភពលោក ទើបតែងើបឡើងវិញបន្តិចម្ដងៗ ពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ គឺជាធាតុដ៏សំខាន់មួយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អារ៉ាប់រួមអេមីរ៉ាត ដែលមានគោលបំណងបង្កើន ទំហំសេដ្ឋកិច្ចរបស់ខ្លួនទ្វេរដង ឱ្យឈានដល់៧៦២ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។

អារ៉ាប់រួមអេមីរ៉ាត បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីស្រាអែល និងតួកគី ហើយកំពុងស្ថិតក្នុងដំណើរ ការចរចាកិច្ចព្រមព្រៀងស្រដៀងគ្នា ជាមួយប្រទេសមួយចំនួនទៀត រួមទាំងកូស្តារីកា កេនយ៉ា និងអ៊ុយក្រែនផងដែរ។

ទំហំពាណិជ្ជកម្ម មិនមែនប្រេងរបស់អារ៉ាប់រួមអេមីរ៉ាត ជាមួយកម្ពុជា បានឈានលើស៤០១លានដុល្លារ ក្នុងឆ្នាំ២០២២ ដោយកើនឡើង៣១%ពីឆ្នាំ២០២១ ខណៈការវិនិយោគផ្ទាល់ពីបរទេសទ្វេរភាគីបានឈានដល់ជិត៤លានដុល្លារ នៅចុងឆ្នាំ២០២០៕ Reuters៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here