កម្ពុជា តួកគីស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយផែនការពង្រីកទំហំពាណិជ្ជកម្មឲ្យបាន១ពាន់លានដុល្លារ

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងា​រជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ដើម្បីស្វះស្វែងរកសក្តានុពលនៃទំនាក់ទំនងកម្ពុជា -តួកគីឱ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកជំទាវ Ülkü Kocaefe ក៏បានណែនាំលោកស្រី Zöre Akşahin Şimşek ទីប្រឹក្សាពាណិជ្ជកម្មតួកគីប្រចាំកម្ពុជាដែលទើបតែត្រូវបានតែងតាំងផងដែរ។

ក្នុងអំឡុងជំនួប ភាគីទាំងពីរ បានគូសបញ្ជាក់នូវសមិទ្ធផលសំខាន់ៗសម្រេចបានកន្លងមក រវាងប្រទេសទាំងពីរ និងជឿជាក់ថា​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកម្ពុជា-តួកគីនឹងកាន់តែត្រូវបានពង្រឹងពង្រីក ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក ពិសេសទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ បានអបអរសាទរចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មកម្ពុជា-តួកគី ពីទឹកប្រាក់៣០លានដុល្លារអាមេរិក ទៅជាង១០០លានដុល្លារអាមេរិក ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ លោកបណ្ឌិតក៏បានថ្លែងអំណរគុណ ទីភ្នាក់ងារអភិវឌ្ឍន៍តួកគី TIKA ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ជាពិសេសលើគម្រោងសាងសង់ផ្ទះនៅស្រុកស្អាង។

លោកបណ្ឌិតចែម វីឌ្យាបានស្វាគមន៍ និងអបអរសាទរលោកស្រី Zöre Akşahin Şimşek ដែលទើបទទួលបានការតែងតាំងនេះ និងសង្ឃឹមថា វត្តមានការិយាល័យទីប្រឹក្សាពាណិជ្ជកម្មនេះ នឹងចូលរួមចំណែកដល់ពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំងពីរឱ្យសម្រេចបាននូវគោលដៅ១ពាន់លានដុល្លារអាមេរិក ដែលបានកំណត់ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here