រដ្ឋមន្រ្តីព៌តមានជួបអ្នកជំនាញជប៉ុនដើម្បីរៀបចំការប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon 2023ឡើងវិញនៅកម្ពុជា

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតអោយលេខាធិការដ្ឋានរៀបចំការប្រកួតរ៉ូបូតជប៉ុន ចូលជួបសម្តែងការគួរសម និងធ្វើរបាយការណ៍ អំពីដំណើរការរៀបចំការប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon 2023 នៅកម្ពុជា។

ប្រតិភូលេខាធិការដ្ឋាន រៀបចំការប្រកួតរ៉ូបូតជប៉ុន ដឹកនាំដោយលោក ខេន ម៉ាត្សុអុ តំណាងNHK Enterprise បានសម្តែងភាពរីករាយ ក្នុងការទទួលបានការសហការ ជាមួយទូរទស្សន៍ជាតិកម្ពុជា រៀបចំព្រឹត្តិការណ៍រ៉ូបូតអន្តរជាតិ ដោយផ្ទាល់ឡើងវិញ ក្រោយពេលខកខានដោយសារជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកម៉ាត្សុអុ សង្ឃឹមថា ការប្រកួតរ៉ូបូតឆ្នាំ២០២៣ នៅកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍អស្ចារ្យប្រចាំឆ្នាំ សម្រាប់និស្សិតបច្ចេកវិទ្យា។

ក្នុងឱកាសនោះ លោកខៀវ កាញារីទ្ធ បានបញ្ចាក់ថា កម្មវិធីប្រកួតប្រជែងរ៉ូបូត នាពេលបច្ចុប្បន្ននេះ កំពុងតែមានការគាំទ្រសាទរ និងអន្ទះសាររង់ចាំមកដល់ ពីសំណាក់យុវជនកម្ពុជា មិនថាសមាជិកក្រុមផលិតរ៉ូបូត ឬអ្នកគាំទ្រទេ។

ជាមួយសន្ទុះបែបនេះ លោករដ្ឋមន្រ្តីបន្ថែមថា ក្រសួងព័ត៌មាន គ្រោងនឹងអញ្ជើញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីដ៏ធំនេះ ។

លោកថ្លែងបន្តថា ទូរទស្សន៍ជាតិកម្ពុជា មានកិច្ចសហការជាមួ​យទូរទស្សន៍ជប៉ុនNHK យូរណាស់មកហើយ។ ដូច្នេះបើសិនជាទូរទស្សន៍ជប៉ុនNHK មានបំណងចង់ផ្សាយផ្ទាល់ កម្មវិធីប្រកួតរ៉ូបូតនេះបន្តពីទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជាស្វាគមន៍ផ្តល់ជូនលើការផ្សព្វផ្សាយ។

លេខាធិការដ្ឋានរៀបចំការប្រកួតរ៉ូបូតជប៉ុន បានមកទស្សនកិច្ចកម្ពុជាជាលើកទី៣ ដើម្បីពិនិត្យពិភាក្សា លើការរៀបចំព្រឹត្តិការណ៍ ការចុះពិនិត្យទីតាំងប្រកួត ការស្នាក់នៅ និងទីតាំងគោលដៅទេសច​រណ៍ផ្សេងៗ។

ទូរទស្សន៍ជាតិកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការរៀបចំការប្រកួតរ៉ូបូតអន្តរជាតិ ពោលគឺនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដែលមាន១៣ប្រទេសចូលរួម។ ដោយឡែក ព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ ធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមាន១១ក្រុមចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here