ចំនួនប្រជាជនជប៉ុនសរុបព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម៨៧លាននាក់នៅឆ្នាំ២០៧០

ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមការប៉ាន់ប្រមាណថ្មីរបស់រដ្ឋាភិបាលបានឱ្យដឹងថា ចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុនក្នុងឆ្នាំ២០៧០ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម៨៧លាននាក់ ធ្លាក់ចុះ៣០% ពីកម្រិតរបស់ខ្លួននៅឆ្នាំ២០២០។

វិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខបានឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនប្រជាជនរបស់ប្រទេសជប៉ុន ដែលមានប្រមាណ១២៦,១៥លាននាក់គិតត្រឹមឆ្នាំ 2020 ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះក្រោម១០០លាននាក់ក្នុងឆ្នាំ២០៥៦។

ជនបរទេស រួមទាំងសិស្ស និងកម្មករដែលរស់នៅក្នុងប្រទេសជប៉ុនលើសពីបីខែ ត្រូវបានគេព្យាករណ៍ថា នឹងគ្របដណ្តប់១០,៨%នៃចំនួនប្រជាជនសរុបក្នុងឆ្នាំ២០៧០ ដែលកើនឡើងពី២,២% ក្នុងឆ្នាំ២០២០។

ការ ព្យាករ ណ៍នោះ ឆ្លុះ បញ្ចាំង ឱ្យ ឃើញ ពី លទ្ធភាព ដែល រដ្ឋាភិបាល នឹង ត្រូវ ការ នាំ យក ពលករ បរទេស មក កាន់ តែ ច្រើន ខណៈ ចំនួន មនុស្ស ក្នុង វ័យ ធ្វើ ការ បន្ត ធ្លាក់ ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិទ្យាស្ថានខាងលើដដែលបានព្យាករណ៍ថា អ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅក្នុងប្រទេសជប៉ុននឹងកើនឡើងដល់៣៣,៦៧លាននាក់ក្នុងឆ្នាំ២០៧០ ដែលស្មើនឹង៤០% នៃចំនួនប្រជាជនសរុប។

រដ្ឋាភិបាលជប៉ុននឹងប្រើប្រាស់ទិន្នន័យព្យាករណ៍ដែលបានកែសម្រួលនេះចាប់ពីឆ្នាំក្រោយ ដើម្បីគណនាប្រាក់សោធននិវត្តន៍របស់ប្រទេសនាពេលអនាគត។

យោងតាមកាសែតជប៉ុន Nikkei បានរាយការណ៍ថា រដ្ឋាភិបាលកំពុងពិចារណាពង្រីកផ្នែកនានា ដែលកម្មករបរទេសជំនាញអាចទទួលបានទិដ្ឋាការការងាររយៈពេលវែង ព្រមទាំងអាចរាប់បញ្ចូលទាំងឧស្សាហកម្មសេវាកម្មម្ហូបអាហារផងដែរ។

ប្រទេសជប៉ុនកំពុងទទួលរងនូវកង្វះខាតកម្លាំងពលកម្មកាន់តែខ្លាំងឡើងនៅក្នុងវិស័យមួយចំនួន ប៉ុន្តែប្រទេសនេះនៅតែស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យមានការធ្វើអន្តោប្រវេសន៍រីករាលដាលនៃពលករបរទេស។

កាសែត Nikkei បានបន្ថែមថា ការផ្លាស់ប្តូរដែលអាចអនុញ្ញាតឱ្យកម្មករស្នាក់នៅរយៈពេលយូរ និងនាំក្រុមគ្រួសាររបស់ពួកគេទៅជាមួយ អាចរួមបញ្ចូលវិស័យមួយចំនួនដូចជាការផលិតម្ហូបអាហារ ហើយវាអាចចូលជាធរមាននៅដើមខែមិថុនាខាងមុខនេះ។

ពលករចំណាកស្រុកភាគច្រើននៅក្នុងប្រទេសជប៉ុនបច្ចុប្បន្នមានប្រភពមកពីប្រទេសដូចជាវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here