ក្រុមហ៊ុនអាមេរិក Google ប្តេជ្ញាផ្តល់ជំនួយដើម្បីជួយអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google LLC បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះក្នុងការផ្តល់ជំនួយដើម្បីអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។

ការប្តេជ្ញាចិត្តនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំរវាងតំណាងប្រចាំតំបន់របស់ Google និងមន្ត្រីជាន់ខ្ពស់របស់ MPTC ដើម្បីស្វែងយល់ពីការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេស និងឱកាសដែលក្រុមហ៊ុនអាមេរិកអាចចូលរួមក្នុងការអភិវឌ្ឍន៍វិស័យនេះ។

លោក Yves Gonzalez អ្នកតំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្ទាប់ពីរដ្ឋលេខាធិការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជាប សត្ថារតន៍ បានដាក់សំណើទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍ដដែលបានអះអាងទៀតថា “លោក Yves Gonzalez បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងយុគសម័យឌីជីថល”។

នៅក្នុងកិច្ចប្រជុំនោះ លោក ជាប សត្ថារតន៍ បានស្នើឱ្យលោក Yves Gonzalez ស្វែងរកលទ្ធភាពក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល Be Professional YouTubers សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិស្ស និងប្រជាជន ដែលស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍន៍ឌីជីថលនៅកម្ពុជា។

លោក ជាប សត្ថារតន៍ ក៏បានស្នើសុំឱ្យ Google រៀបចំ Cloud First Policy និងលើកកម្ពស់ការចាប់ផ្តើមអាជីវកម្ម Start-up ឌីជីថលនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ បន្ថែមមុខងារ Google Maps និងផ្តល់ព័ត៌មានបន្ថែមទាក់ទងនឹងផលិតផល Google Cloud៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here