កម្ពុជា វៀតណាមពង្រីកកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅតាមបណ្តាខេត្តជាប់ព្រំដែន

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពានីជ្ជកម្ម លោកប៊ុន ចន្ធីបានចូលរួមកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។

នេះជាកិច្ចប្រជុំលើកទី១២ស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជណាចក្រកម្ពុជា និង ឯកឧត្តម ជិន លីវ ក្វាង ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំបានផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ រួមមាន ការងាររក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងតំបន់ព្រំដែន, វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ការងារគ្រប់គ្រងព្រំដែននិងច្រកទ្វារព្រំដែន, វិស័យគមនាគ​មន៍និងដឹកជញ្ជូន, វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យ ទិញ-លក់អគ្គិសនី, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យសុខាភិបាល, វិស័យអប់រំ ការងារ បណ្ដុះបណ្ដាល សង្គមកិច្ច វប្បធម៌ កីឡា និងទេសចរណ៍, វិស័យព័ត៌មាននិងទូរគមនាគមន៍, កិច្ចសហប្រតិបត្តិការរវាងរណសិរ្ស សមាគម អង្គការមហាជន, ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក, កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់និងយុត្តិធម៌ និងការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីសារសំខាន់ ក្នុងការបន្តរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងបានវាយតម្លៃខ្ពស់ ចំពោះបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបណ្តាខេត្ត ជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានសហការរៀបចំសកម្មភាពជាច្រើន ប្រកបដោយអត្ថន័យក្នុងក្របខណ្ឌ “ឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២” ។

រួមចំណែកបង្កើនការយល់ដឹង ពីបណ្តាស្រទាប់ប្រជាជននៃប្រទេសទាំងពីរ ពិសេស យុវជនជំនាន់ក្រោយ ចំពោះការថែរក្សា និងពូនជ្រំនូវទំនាក់ទំនងភូមិផងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ យូរអង្វែងរវាងកម្ពុជា-វៀតណាម។

ចំពោះវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគភាគីទាំងពីរ បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងបណ្តាខេត្តជាប់ព្រំដែន ទទួលបានលទ្ធផលជាវិជ្ជមាន។ ទោះបីមានរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវដី-១៩ក្តី ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ នៅតែបន្តកើនឡើងយ៉ាងខ្លាំង សម្រេចបានរហូត ដល់១០,៥៧ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនជិត ១១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១(ស្ថិតិវៀតណាម)។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿន ការបញ្ចប់នីតិវិធីផ្ទៃក្នុងលើការផ្តល់សច្ចាប័នអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិ​ជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងប្តេជ្ញាអនុវត្តន៍ ឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនេះ នៅពេលចូលជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here