ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់១២៦លានដុល្លារនៅក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ
ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន១៧៦.៥៨១តោននៅត្រីមាសទី១ កើនឡើង៣,៥ភាគរយ ពីចំនួន១៧០.៥៧៩តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបានបន្តថា ប្រទេសកម្ពុជារកបានប្រាក់ចំណូល១២៦លានដុល្លារអាមេរិកពីការនាំចេញអង្ករនៅក្នុងអំឡុងពេលខែមករាដល់ខែមីនាឆ្នាំ២០២៣នេះ។

អង្ករដែលកម្ពុជានាំចេញរួមមាន អង្ករក្រអូបលេខ១ អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ។

ប្រទេសចិននៅតែជាអ្នកនាំចូលអង្ករកំពូលរបស់កម្ពុជា ដោយបានទិញអង្ករចំនួន៨៤.៧៧៣តោន ឬ៤៨ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅក្នុងត្រីមាសទីមួយ ដោយបន្ថែមថា អង្ករកម្ពុជាត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេស និងតំបន់ចំនួន៤១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ចាន់ សុខឃាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានកំណត់ទិសដៅនាំចេញអង្ករពេញមួយឆ្នាំនៅកម្រិត៧៥០.០០០តោននៅឆ្នាំ២០២៣នេះ និង១លានតោននៅឆ្នាំ២០២៥ ដោយលោកអះអាងថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយ។

លោក ចាន់ សុខឃាង បានមានប្រសាសន៍នាពេលថ្មីៗនេះថា “សហព័ន្ធនឹងបន្តសហការជាមួយក្រសួងពាណិជ្ជកម្មដើម្បីធានាថា ការលក់អង្កររបស់កម្ពុជាប្រចាំឆ្នាំទៅកាន់ប្រទេសចិនបានច្រើនជាងគេចំនួន៤០០.០០០តោនក្នុងមួយឆ្នាំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here