តើអ្វីទៅជាក្តីសុបិនរបស់កម្ពុជាឆ្ពោះទៅប្រែក្លាយខេត្តព្រះសីហនុដូច ទីក្រុងស៊ិនជិនរបស់ប្រទេសចិន?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ​បិតា​នៃ​ទំនើប​ភា​វូប​នី​យ​កម្ម​ ​កំណែ​ទម្រង់​ ​និង​ការ​បើក​ទ្វារទូលាយ​របស់​ប្រទេស​ចិន​ ​គឺ​លោកតេង​ ស៊ាវពីង​ ​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅ​សហរដ្ឋអាមេរិក​ នៅក្នុង​ខែ​មករា​ ​ឆ្នាំ​១​៩​៧​៩​។​

លោកគឺជា​ថ្នាក់ដឹកនាំ​ចិន​ដំបូង​គេ ​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ ​បន្ទាប់ពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត ​ជា​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​។​

លោក​បាន​សង្កត់ធ្ងន់​ថា​ “​ខ្ញុំ​មក​អាមេរិក​ គឺ​ដើម្បី​រៀនសូត្រ​អ្វីៗ​គ្រប់យ៉ាង ​ដែល​រីកចម្រើនជឿន​លឿន”​។​ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនោះ លោកតេង បាន​ទៅ​ទស្សនា​គម្រោង​ឧស្សាហកម្ម​ទំនើប​ ​និង​បច្ចេកវិទ្យា​ជឿនលឿន​មួយ​ចំនួន​របស់​អាមេរិក​។​

លោកស្តាប់​ដោយ​យកចិត្តទុកដាក់​បណ្តើរ​ ​គាត់​ស្រមៃ​ឃើញ​ទំនើបកម្ម​ឧស្សាហកម្ម​ផ្ទាល់ ​របស់​ប្រទេស​ចិន​បណ្តើរ​។​ ​

នៅ​រោងចក្រ​ក្រុមហ៊ុន​ ​Ford​ ​លោក តេង បាន​មានប្រសាសន៍ថា​ ​ប្រទេស​ចិន​ត្រូវការ​អភិវឌ្ឍ ​ឧស្សាហកម្ម​រថយន្ត​របស់​ខ្លួន​ ​ហើយ​លោកកំណត់​ថា​ ​នឹង​ត្រូវការ​រយៈពេល​២​០​ឆ្នាំ។​ ​

នៅ​មជ្ឈមណ្ឌល​អវកាស​ Jo​h​n​son​ ​ក្នុង​ទីក្រុង​ហ៊ូ​ស្តុ​ន​ ​លោក តេង បាន​ចាប់​ផ្តើម​ស្រមៃ​មើល​ពី​របៀប ​ដែល​ប្រទេស​ចិន​អាច​តាម​ទាន់​ប្រទេស​ជឿនលឿន​ ក្នុង​កម្មវិធី​អវកាស​របស់​ខ្លួន។​ ​

នៅ​ឯ​រោងចក្រ​ដំឡើង​យន្តហោះ​ Bo​e​in​g​ 747 ​លោក​បាន​ចង្អុលបង្ហាញ​ថា​ ​នៅពេលដែល​សេដ្ឋកិច្ច​របស់​ខ្លួន​រីក​ចម្រើន​ ​វា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ចិន​ក្នុង​ការរចនា​ ​និង​ផលិត​យន្តហោះ​ ju​m​bo ​ដោយខ្លួនឯង​។​

លោកមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ដែល​រោងចក្រ​ ​Ford​ ​អាច​ផលិត​រថយន្ត​បាន​​៥​០​​គ្រឿងក្នុង​មួយម៉ោង​ ​ដែល​នៅ​ពេល​នោះ​ ​ប្រ​ទេស​ចិន​ អាច​ផលិត​បាន​ត្រឹមតែ​​១​៣​.​០​០​០​គ្រឿង​ក្នុង​មួយ​ឆ្នាំ​។​

លោក ​តេង​ ស៊ា​វ​ពីង​ ​មាន​មហិច្ឆតា​ក្នុង​ការ​នាំ​យក​អ្វីៗ​ទាំងអស់​ដែល​គាត់​បានឃើញ ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ទំនើប​ នៅ​សហរដ្ឋអាមេរិក​ ​មកកាន់​ប្រទេស​ចិន​។

ដើម្បី​សម្រេច​​បាន​​នូវ​ក្តី​សុបិន​​ទាំងនេះ ​លោក តេង​ ស៊ា​វ​ពីង​ ​គឺជា​​អ្នកដឹកនាំ​គន្លឹះ ​ក្នុង​កា​របើក​ឱ្យ​ប្រទេស​ចិន ​ស្រូប​យក​មូលធន​បរទេស​ ​ប្រព័ន្ធ​គ្រប់គ្រង​សហគ្រាស​ ​និង​បច្ចេកវិទ្យា​ពី​បរទេស​ ​ទោះបីជា​មានការ​ភ័យខ្លាច​ពី​ផល​ប៉ះពាល់​អវិជ្ជមាន ​លើ​ប្រព័ន្ធសង្គមនិយម​ខ្លះៗក៏ដោយ​។​ ​

ក្រោម​ការ​ឃ្លាំមើល​របស់​លោក ប្រទេស​ចិន​បាន​ចាប់ផ្តើម​កំណែ​ទម្រង់​ដ៏​ក្លាហាន​ ​រួម​ទាំង​ការ​បង្កើត​ “​តំបន់​សេដ្ឋកិច្ច​ពិសេស​” ​ចំនួន​៤​ ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន​ ​រួម​មាន​ទីក្រុង​សិន​ជិន​ (​She​n​z​hen​), ​សាន​ថូ​វ​ (S​h​ant​ou) ​និង​ជូ​ហៃ​ (​Z​h​u​h​a​i​) ​ដែល​មាន​ទីតាំងនៅ​ខេត្ត​ក្វា​ង​តុង​(G​u​an​g​don​g​) ​និង​សែ​មិន​ (X​i​a​men​) ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ហ្វូ​ជា​ន​ (​F​uj​i​an​)​។​

​ក្តី​សុបិន​ដែល​ហាក់ដូចជា​មិន​អាច​ទៅរួច ​របស់​តេង ស៊ាវពីង ​កាល​ពី​ឆ្នាំ​១​៩​៧​៩​ ​នៅពេលដែល​ប្រទេស​ចិន​ នៅ​មិនទាន់​ជឿន​លឿន​នៅឡើយ​ ​បាន​ក្លាយ​ជា​ការពិត​ទាំងអស់​នៅ​៤​ទសវត្សរ៍​ ​ក្រោយមក​ ​ឬក៏​មុននឹង​ទៅទៀត​។​

នៅ​ពេលដែល​ប្រធានាធិបតី​ ​ស៊ី​ ​ជី​នពីង​ ​បាន​ទៅ​ទស្សនា​តំបន់​ឈាន​ហៃ​ (Q​i​an​h​a​i​) ​ដែល​ជា​តំបន់​ឈូងសមុទ្រ​តូច​មួយ ​នៅ​ក្នុង​ទីក្រុង​សិន​ជិន​ ​ក្នុង​ឆ្នាំ​​២០១២​ ​លោកបាន​លើក​ទឹក​ចិត្ត​ឱ្យ​តំបន់​នេះ​ ​ហ៊ាន​ក្លាយ​ជា​ទីក្រុងដំបូង​គេ​ ​និង​ជា​អ្នក​ត្រួសត្រាយផ្លូវ​នៃ​ន​វា​នុ​វត្ត​ន៍​។​ ​

លោក​ប្រធានាធិបតី​ ​ស៊ី​ ​បាន​កំណត់​យក​សង្កាត់​ឈាន​ហៃ​ ​ជា​គោល​ដៅ​ដំបូង​ នៃ​ដំណើរ​ត្រួតពិនិត្យ​របស់​គាត់​ ​ដោយ​សង្កត់​ធ្ងន់​លើ​បេសកកម្ម​របស់​ឈាន​ហៃ​ ​នៅ​ក្នុង​ការ​ “​ប្រើប្រាស់​ហុងកុង​ជា​ឃ្នាស់​ជំរុញ​កំណើន​ (​leverage​) បម្រើ​ចិនដីគោក​ ​និង​ជះ​ឥទ្ធិពល​ទៅលើ​ពិភពលោក​​។​

ក្នុងស្មារតី​ដូចគ្នា​ ​បើ​យើង​និយាយ​អំពី​សុបិន​ ​តើ​មេ​ដឹកនាំ​កម្ពុជា​គួរតែ​ប្រាប់​មេដឹកនាំ​ចិន​ថា​ ​កម្ពុជា​ចង់​បញ្ជូន​ជន​ជាតិខ្មែរ​ ​ទៅ​លំហ​អវកាស​ ​ជាមួយ​អវកាសយានិក​ចិន​ ​ក្នុង​រយៈពេល​ ​២​០​ ​ឬ​ ​៣​០​ឆ្នាំខាងមុខ​ដែរ​ឬ​យ៉ាងណា​?។

សំណួរ​នេះ​មាន​លក្ខណៈ​ជ្រុល​និយម​។​ ​វា​ប្រាប់​យើង​ពី​គ​ម្លា​ត​រវាង​ការពិត​ ​និង​សុបិន​។​ ​តាមពិត​ ​សុបិន​អាច​មាន​ទម្រង់​ ​និង​ក​ម្រិ​ត​ផ្សេងៗ​។​ ​សុបិន​អាច​ជា​ការស្រមើស្រមៃ​លន្លង់លន្លោច​ ​តែ​សុបិន​ក៏​អាច​ជាម​ហិច្ឆិ​តា ​ដែល​មាន​គោលដៅ​ច្បាស់លាស់​ផង​ដែរ​។​

​ទោះយ៉ាងណាក្តី​ ​នៅ​ពេល​ដែល​យើង​និយាយ​អំពី​សុបិន​ ​វា​រមែងតែ​ង​តែ​មាន​ធាតុ ​ដែល​មិន​អាច​សម្រេច​បាន​ ​ឬ​អ្វីមួយ​ដែល​ហួសពី​លទ្ធភាព​ ​ឬ​ឆ្ងាយ​ពី​ការពិត​។​

ក្នុងចំណោម​សុបិន​ជាច្រើន ​ក្នុង​ការ​កសាង​ប្រទេសជាតិ​ ​កម្ពុជា​មាន​សុបិន​មួយ ​គឺ​កសាង​ខេត្ត​ព្រះ​សី​ហ​នុឱ្យ​ដូចជា​ក្រុង​សិន​ជិន​។​

យើង​អាច​ដាក់​សញ្ញា​សួរ​ជាច្រើន ​ចំពោះ​សុបិន​នេះ​ ​ប៉ុន្តែ​​បើ​សុបិន​នេះ ​គ្រាន់តែ​ជា​ទឹកចិត្ត​ប៉ងប្រាថ្នា​ ​ពុំគួរ​ឡើយ​នឹង​ត្រូវ​ទទួលការ​ប​ន្ទុ​ច​បង្អាក់​នោះ​ដែរ​ ​ទោះ​បច្ចុប្បន្ន​នៅ​ឆ្ងាយ​ពី​ការពិត​ក្តី​។​

តាំងពី​យូរយារណាស់មកហើយ​ ​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ខេត្ត​ព្រះ​សី​ហ​នុ​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ ​នៅ​ក្នុង​ចំ​ណោម​ត្រីកោណ​នៃ​កំណើន​សេដ្ឋកិច្ច​ ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​សៀមរាប​ ​ប៉ុន្តែ​ ​កំណើន​នៃ​ខេត្ត​ព្រះសីហនុ ​មាន​ភាព​យឺតយ៉ាវ​ជាងគេ​ ​បើ​ធៀប​នឹង​ប៉ូល​សេដ្ឋកិច្ច​ពីរ​ផ្សេង​ទៀត​។​

នៅ​ក្នុង​ឆ្នាំ​ ​២​០​១​២​-​២​០​១​៣​ ​នៅពេលដែល​អ្នក​រៀបចំ​គោល​នយោបាយ​បាន​ចាប់​ផ្តើម​តាក់តែង​ “​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ឧស្សាហកម្ម​កម្ពុជា​” (​I​D​P​) ​ទីក្រុង​ព្រះ​សី​ហ​នុ​នៅតែ​ជា​ទីក្រុង​ដែល​ស្ងប់ស្ងាត់​។​ ​

ដោយ​ប្រមើល​មើល​ពី​ឧស្សាហូបនីយកម្ម​ របស់​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២​០​១​៥​ ​ដល់​ឆ្នាំ​​២​០​២​៥​ ​អ្នក​រៀបចំ​គោល​នយោបាយ​បាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន ​អំពី​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ ​និង​ប្រែ​ក្លាយ​ខេត្ត​ព្រះ​សី​ហ​នុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​។​

គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័​យ​ឧស្សាហកម្ម ​បាន​ដាក់​ចេញ​នូវ​វិធានការ​គន្លឹះ​ជាក់ស្តែង​៤​យ៉ាង​ ​ហើយ​វិធានការ​ទី​៤​ ​គឺ​បាន​កំណត់​ឱ្យ​មានការ​ “​អភិវឌ្ឍ​ ​និង​ប្រែក្លាយ​ខេត្ត​ព្រះសី​ហនុ ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ ​ដែល​គ្រោង​អនុវត្ត​តាម​គោលការណ៍ ​តំបន់​រដ្ឋបាល​ពិសេស​ ​ដោយ​រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​ ​ក្របខណ្ឌ​ច្បាប់​ ​និង​និយតកម្ម​ ​ព្រម​ទាំង​យន្ត​ការ​គ្រប់គ្រង​ចាំបាច់​នានា​ ​ដែល​នឹង​ផ្តល់​សិទ្ធិ​អំណាច​ ​និង​យុត្តាធិការ​ពេញលេញ​ ​សម្រាប់​ការ​កៀរគរ​ ​ទាក់​ទាញ​ ​និង​ការ​ប្រមូលផ្តុំ​នូវ​ប្រភព​ធនធាន​ ​បញ្ញាញាណ​ ​សកម្មភាព​ធុរកិច្ច​ ​និង​ការ​វិនិយោគ​ ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះ​សី​ហ​នុ ឱ្យ​ក្លាយទៅជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​មួយ​ ​និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​ ​ស្រប​តាម​ទស្សនាទាន​នៃ​ការ​អភិវឌ្ឍ​ប្រកបដោ​យ​ចីរភាព​ ​និង​មាន​តុល្យភាព​បរិស្ថាន​ ​ព្រមទាំង​ប្រែក្លាយ​ជា​ ​ទីក្រុង​ឧស្សាហកម្ម​បៃតង​អា​ស៊ាន​ ​នា​ពេល​អនាគត”​។​

ពេលនេះ ​យើង​ងាកទៅមើល​បញ្ហា​ ក្នុង​ត​ថ​ភាព​ជាក់ស្តែង​វិញ​ម្តង​។

ទោះបីជា​គោលនយោបាយ ​I​D​P​ ​បាន​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២​០​១​៥​ ​ក៏ដោយ​ ​ប៉ុន្តែការ​អភិវឌ្ឍ​ផែនការ​មេ​ សម្រាប់​ខេត្ត​ព្រះ​សី​ហ​នុ ​មិនទាន់​បាន​ចាប់​ផ្តើម​ភ្លាម​ៗ​នោះ​ទេ​ ​រហូត​ដល់​ឆ្នាំ​២​០​១​៩​ ​ព្រោះ​ជួបការលំបាក ​ក្នុង​ការស្វែងរក​អ្នក​អភិវឌ្ឍន៍​ផែនការ​មេ​ ​ដែល​មាន​សមត្ថភាព​ជំនាញ​ច្បាស់លាស់​ ​និង​ការស្វែងរក​ធនធាន ​ដើម្បី​អភិវឌ្ឍន៍តាម​ផែនការ​មេ​។​ ​

ទាល់តែដល់​ឆ្នាំ​ ​២​០​១​៩​ ​ទើប​រាជរដ្ឋាភិបាល​បាន​សម្រេច​ប្រគ​ល់​ភារកិច្ច​ឱ្យ​វិទ្យាស្ថាន​រៀបចំ​ក្រុង​ ​និង​ឌី​ហ្សា​ញ​ទីក្រុង​សិន​ជិន​ (​UP​DIS​) ​ដើម្បី​អភិវឌ្ឍ​ផែនការ​មេ​។​ ​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​។​ ​

UP​DIS​ ​ត្រូវ​បាន​ណែនាំ​ដោយ​អង្គការ​សហប្រជាជាតិ​ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (​UNIDO) ឱ្យ​បំពេញកិច្ចការ​នេះ​ ​ពីព្រោះ​ស្ថាប័ន​នេះ​មាន​បទពិសោធន៍​ជាក់ស្តែង ​ក្នុង​ការ​អភិវឌ្ឍ​ផែនការ​មេ​ទីពីរ​សម្រាប់​ទីក្រុង​សិន​ជិន​ (​១​៩​៩​៦​-​២​០​១​០​) ​ហើយ​ផែនការ​មេ​មួយ​នេះ​បាន​ឈ្នះ​ពានរង្វាន់​ ​P​a​trick​ ​Abercrombie សម្រាប់​ការ​រៀបចំ​ទីក្រុង​ ​និង​ឌី​ហ្សា​ញ​នៅ​ឆ្នាំ​ ​១​៩​៩​៩​។​

នៅពេលដែល​ ​UP​DIS​ ​កំពុង​ចាប់ផ្តើម​រៀបចំផែនការ​មេ​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​ចាប់ផ្តើម​វាយលុក​ ​និង​បំផ្លាញ​ពិភពលោក​ទាំង​មូល​។​ ​យោង​តាម​គម្រោង​ដើម​ ​គេ​រំពឹង​ថា​ ​សេចក្តី​ព្រាង​ផែនការ​មេ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំនេះ​ ​ប៉ុន្តែ​រហូតមកទល់ពេលនេះ គេនៅ​មិន​ទាន់​ច្បាស់​ទេ​ថា​ ​តើ​នឹង​ត្រូវការ​ពេល​វេលា​បន្ថែម​ទៀត​ឬ​យ៉ាង​ណា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here