រដ្ឋាភិបាលឥណ្ឌាគ្រោងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយរុស្សុី ខណៈទំហំពាណិជ្ជកម្មហក់ឡើងខ្លាំង

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial បានឱ្យដឹងថា ប្រទេសឥណ្ឌា កំពុងពិចារណាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចកើតមានជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ បន្ទាប់ពីបានមើលឃើញពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងបានកើនឡើងខ្លាំង ទោះជាកំពុងផ្ទុះសង្គ្រាម នៅអ៊ុយក្រែនយ៉ាងណាក្តី។

ការនាំចូលរបស់ឥណ្ឌា ពីប្រទេសរុស្ស៊ី បានកើនឡើងដល់ជាង៤០០% ក្នុងទំហំទឹកប្រាក់ជាង៤៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធចុងក្រោយនេះ ខណ:ការកើនឡើងភាគច្រើន ត្រូវបានជំរុញដោយការទិញចូលប្រេង ។

ទោះជាយ៉ាងណាក្តី ទាក់ទិនព័ត៌មានអំពីការបន្តកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ គឺបានកើតឡើង បើទោះបីជាមានការអំពាវនាវ ពីសំណាក់បណ្តាប្រទេសលោកខាងលិច ឱ្យឥណ្ឌាកាត់ផ្តាច់ទំនាក់ទំនងពីរុស្ស៊ី ជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅ។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Denis Manturov បានថ្លែងក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងញូវដេលី កាលពីសប្តាហ៍មុននេះថា “យើងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះបញ្ហានៃការដំណើរការនាំចេញ នាំចូលទៅវិញទៅមកនៃផលិតកម្ម រវាងប្រទេសយើងទាំងពីរ ” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Denis បានបន្ថែមឱ្យដឹងទៀតថា “យើងទាំងអស់គ្នា រួមជាមួយគណ:កម្មាការសេដ្ឋកិច្ចអឺរ៉ាស៊ី (EEC) កំពុងទន្ទឹងរង់ចាំឆ្ពោះទៅរកការចរចាជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសឥណ្ឌា ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here