ប្រមុខរដ្ឋាភិបាលស្នើដល់គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់គ្រប់ស្ថាប័នទាំងអស់ ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំង ត្រូវខិតខំរកចំណូលសម្រាប់ជាតិឱ្យបានច្រើន។

ការស្នើរបស់សម្តេចតេជោបែបនេះ ក្នុងពិធីជួបសំណេះ​សំណាលនិងអបអរសាទរខួបអនុស្សាវរី យ៍លើកទី១៣៧នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។ ជាមួយគ្នានោះ ក៏ត្រូវខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឱ្យបានខ្ចាប់ខ្ជួនជានិច្ច ដូចជាទប់ស្កាត់ ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេ​ទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាព ប្រជាពលរដ្ឋដែលខ្សត់ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ដូចជាពលរដ្ឋដែលរងគ្រោះ ក្នុងវិបត្តិកូវីដ១៩ជាដើម។

ទន្ទឹមនេះ ត្រូវចូលរួមក្នុងការដោះស្រាយការងារ ជូនប្រជាពល​រដ្ឋ ទាំង ការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាពិសេស គោលនយោបាយគាំពារសង្គមដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។

សម្តេចតេជោក៏បានបញ្ជាក់ថា “ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិ គឺមិនបណ្តោ​យឱ្យប្រជាពលរដ្ឋ ណាម្នាក់ ស្លាប់ ដោយអត់បាយ ហើយដោយយើងមិនបានដឹងនោះទេ គឺយើងត្រូវតែយកចិត្តទុកដាក់មើលឱ្យបាន គ្រប់ជ្រុងជ្រោយ ចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក”។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា គិតត្រឹមថ្ងៃទី២៣ ខែមេសា នេះ គឺសល់តែ១២ ថ្ងៃទៀតតែប៉ុណ្ណោះ យើងនឹងដល់ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម ដែលកម្ពុជាត្រូវ ធ្វើជាម្ចាស់ផ្ទះហើយ។ ដូច្នេះសូមឱ្យរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានល្អប្រសើរ និងរលូន ដើម្បីឱ្យភ្ញៀវអន្តរជាតិទាំងអស់ពេល ដែលមកដល់កម្ពុជាម្ដងហើយ គេចង់មកម្ដងទៀតនៅពេលក្រោយ។

សម្តេចតេជោមានប្រសាសន៍ដែរថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិ នឹងត្រូវចូលមកដល់ ដូច្នេះសម្ដេចតេជោបានអំពាវនាវ ធ្វើយ៉ាងណាឱ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ ដោយសេរី និងយុត្តិធម៌ ពោលគឺត្រូវស្ថិតក្នុងបរិយាកាសល្អបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here