ផ្សារទំនើប Big C ក្រោមទុនវិនិយោគប្រមាណ៥០លានដុល្លារនឹងបង្ហាញខ្លួននៅទីក្រុងរណបជ្រោយចង្វារ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទីក្រុងរណបជ្រោយចង្វារ កំពុងមានភាពទាក់ទាញលើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងលំនៅឋាន ដោយឃើញមានអគារពាណិជ្ជកម្មធំៗ និងគម្រោងលំនៅឋាន ជាច្រើនចាប់ផ្ដើមលេចរូបរាងជាបន្តបន្ទាប់។

ក្រុមហ៊ុនផ្សារទំនើបដ៏ធំរបស់ថៃBig C ក៏បានចុះហត្ថលេខាជាមួយក្រុមហ៊ុនOCIC ក្នុងការពង្រីកប្រតិបត្តិការលក់រាយរបស់ខ្លួន នៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងផែនការចំណាយទុនរួមគ្នា លើប្រមាណ​៥០លានដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនOCICដែលបាន​ចែកចាយដល់បណ្តាញសារព៌តមាន ក្រោ​យពិធីចុះហត្ថលេខារវាង OCIC និងក្រុមហ៊ុនផ្សារទំនើប Big  C កាលពីព្រឹកថ្ងៃទី២២ មេសា ២០២៣ បានឱ្យដឹងថា ការចុះអនុស្សរណៈរវាងក្រុមហ៊ុនកម្ពុជានិងផ្សារទំនើបរបស់ថៃ នឹងបង្កើតនូវភាពអស្ចារ្យមួយ សម្រាប់តំបន់ជ្រោយចង្វារ ដែលជាតំបន់លំនៅឋាន និងពាណិជ្ជកម្មដ៏សក្ដានុពល ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះ នឹងអភិវឌ្ឍន៍ជាភោជនីយដ្ឋានទំនើបៗ ទីតាំងលក់ផលិតផលនាំចូល កន្លែងដើរទិញទំនិញដ៏មានបរិយាកាសល្អ និងកន្លែងផ្ដល់សេវាកម្មជាច្រើនទៀត។

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ផ្សារទំនើប Big C មានទំហំផ្ទៃដីប្រមាណ២,៧ហិចតា ហើយនឹងត្រូវសាងសង់នៅជាប់នឹងរង្វង់មូលនាងមច្ឆា ដែលជាតំបន់កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិន និងមានប្រជាពលរដ្ឋឆ្លងកាត់តំបន់នោះ យ៉ាងមមាញឹក ខណៈស្ពានថ្មីមួយឆ្លងពីជ្រោយចង្វារ ទៅឬស្សីកែវបានដាក់ដំណើរការរួចហើយដែរ។

លោកស្រី Lim Lychin អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា យើងស្វាគមន៍ចំពោះវត្តមាន លើកដំបូងនៃផ្សារទំនើប Big C មកកាន់ទឹកដីនៃទីក្រុងរណបជ្រោយចង្វារ ហើយវត្តមានរបស់ផ្សារទំនើបនេះ នឹងធ្វើឱ្យភ្នំពេញ មានមជ្ឈមណ្ឌលពាណិ​ជ្ជកម្មថ្មីមួយទៀត ។

លោកស្រីបន្តថា “យើងនឹងបន្តផ្តោតលើគោលដៅ របស់យើង ក្នុងការធ្វើឱ្យទីក្រុងរណបជ្រោយចង្វារ ក្លាយជាទីក្រុងទំនើប ជាមួយនឹងគម្រោងមួយចំនួនផ្សេងទៀត ដែលប្តេជ្ញាក្នុងការកសាងឱកាសធ្វើពាណិជ្ជកម្មផ្ដល់សេវាកម្មកម្សាន្ត និងអាជីវកម្មល្អជាច្រើនទៀតក្នុងទីតាំងតែមួយ”។

ជាមួយគ្នានេះ លោកGary Hardy នាយកផ្នែកប្រតិបត្តិនៃផ្សារទំនើបBig C ក៏បានមានប្រសាសន៍ថា យើងពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសការបង្កើតទីតាំងថ្មី នៅក្នុងទឹកដីទីក្រុងរណបជ្រោយចង្វារ ។

លោកបន្តថា យើងបានបើកផ្សារទំនើបដំបូងរបស់យើង នៅកម្ពុជា ស្ថិតនៅក្រុងប៉ោយប៉ែត ក្នុងឆ្នាំ២០១៩ និងបានពង្រីកផ្សារទំនើបតូចៗចំនួន២០នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពត។ យើងពិតជារីករាយណាស់ ដែលបានក្លាយជាដៃគូជាមួយក្រុមហ៊ុន OCIC និងក្រុមហ៊ុនកាណាឌីយ៉ាគ្រុប។

លោកបន្តថា “ការពង្រីកប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រីកខ្លួន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍន៍អាជីវកកម្មកាន់តែទូលំទូលាយ ក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ាន“៕

LEAVE A REPLY

Please enter your comment!
Please enter your name here