រដ្ឋមន្រ្តីសេដ្ឋកិច្ចដឹកនាំកិច្ចប្រជុំទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដឹកនាំក្រុមការងារអន្តរក្រសួងចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចូលរួមកិច្ចប្រជុំចង្អៀតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ ត្រូវបានចូលរួមជាអធិបតី ពីលោកឧបនាយករដ្ឋមន្រ្តីអូន ព័​ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគ.ស.ហ ជាមួយវត្តមានចូលរួមពីថា្នក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ពីអន្តរក្រសួងសរុបប្រមាណ៥០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យលើលទ្ធផល និងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA។

ថ្លែងក្នុងសេចក្តីរាយការណ៍ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគោរពរាយការណ៍ជូន លោកអគ្គបណ្ឌិតសភាចារ្យប្រធានគ.ស.ហ និងអង្គប្រជុំ ជ្រាបអំពីសាវតា និងលទ្ធផលសំខាន់នៃការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

លោកបានគូលបញ្ជាក់ថា “កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលដ៏ឧត្តុង្គឧត្តមថ្មីមួយទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងអាសិប ក្នុងមាគ៌ានាំកម្ពុជាបន្តឆ្ពោះទៅការធ្វើសមាហរណកម្ម និងសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក”។ លោកបន្តថា “ការណ៍នេះនឹងជំរុញពិពិធកម្មទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជា ឱ្យកាន់តែសំបូរបែប និងទាក់ទាញធុរជននិងវិនិយោគិនបរទេស មកកម្ពុជាឱ្យកាន់តែច្រើន សំដៅឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់”។

ដោយមានការអនុញ្ញាតពីអង្គប្រជុំ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាក៏បានធ្វើបទបង្ហាញស្តីពីលទ្ធផលសំខាន់ៗ នៃការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ផងដែរ។

ជាលទ្ធផលនៃដំណើរការចរចា ដ៏សិ្វតស្វាញចំនួន០៣ជុំកន្លងមក ភាគីទាំងពីរសម្រេចបាននូវអត្ថបទទាំងស្រុង នៃកិច្ចព្រមព្រៀង ដែលរួមមាន១៨ជំពូក និង២៨៤មាត្រា ពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញនិងសេវា ការវិនិយោគ វិធានដើមកំណើតទំនិញ កិច្ចសម្រួលពាណិជ្ជកម្ម របាំងពាណិជ្ជកម្ម ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា ឧបាស្រ័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេក​ទេស ជាដើម។-ល-៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here