រដ្ឋមន្រ្តីពាណិជ្ជកម្មការពារសេចក្តីព្រាងច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា វៀតណាម

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម តាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦។

លោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និង​ជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ អំពីរបាយការណ៍សិក្សា លើការស្នើសុំការផ្តល់សច្ចាប័ន លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានោះ លោកជំទាវបានគូសបញ្ជាក់ថា ផ្អែកតាមការពិនិត្យ និងសិក្សាលើទម្រង់ច្បាប់ និងគតិច្បាប់ សេចក្តី ព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម បានរៀបចំឡើងត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦នេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនសម័យប្រជុំពេញអង្គរដ្ឋសភាអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងគោលបំណង អត្ថប្រយោជន៍ និងទិសដៅក្នុងការអនុវត្ត ដែលកម្ពុជានឹងទទួលបាន នៅពេលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន។

លោករដ្ឋមន្រ្តី ក្នុងនាមតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចចក្រីប្រធានអង្គប្រជុំ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភាក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលបានអនុម័តយល់ព្រម នឹងសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ខាងលើ នឹងចូលរួមចំណែក ក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត ក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញ តាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាព របស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។

ជាពិសេស កិច្ចព្រមព្រៀងនឹងក្លាយជាយន្តការ ក្នុងការជួយសម្រួ​លដល់ពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេសទាំង២ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។

ក្រសួងពាណិជ្ជកម្ម នឹងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងស្ថាប័ន-ពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីសម្រួល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមព្រំដែន ស្របតាមគោលនយោបាយ ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here