ការនាំចេញកៅស៊ូរបស់កម្ពុជាសម្រេចបានកំណើនជិត៤៣ភាគរយជាមួយទឹកប្រាក់១៦៨លានដុល្លារ

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​បានឱ្យដឹងថា ​នៅ​ក្នុង​ត្រីមាស​ទី​១​ ​ដើម​ឆ្នាំ​ ២​០​២​៣​នេះ​ ​ការ​នាំ​ចេញ​កៅស៊ូ​កម្ពុជា​ ​ទទួល​បាន​ថវិកា​ប្រមាណ​១​៦​៨​លាន​ដុល្លារ​ ​កើន​ឡើង​៤​២​,​៨​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​កាល​ពី​ឆ្នាំ​២​០​២២​ ​ដែលមាន​ត្រឹមតែ​១​១​៧​លាន​ដុល្លារ​។​

យោង​តាម​ទិន្នន័យ​បាន​បង្ហាញ​ថា​ ​ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​ ​នៅក្នុង​ខែ​មករា​ ​ឆ្នាំ​២០​២​៣​ ​មានការ​កើន​ឡើង​៥​៩,៨ភាគរយ​ ​បើ​ធៀប​នឹង​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​រក​ចំណូល​បាន​ចំនួន​៥​៤លាន​ដុល្លារ​។​ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក​ ​នៅ​ក្នុង​ខែកុម្ភៈ​ ​ការនាំចេញ​កៅស៊ូ​ ដែល​បាន​ចុះបញ្ជី​មាន​កំណើន​៦​៧,៤​ភាគរយ​ ​និងរក​ប្រាក់ចំណូល​បាន​៥៩​លាន​ដុល្លារ​។​ ​ដោយឡែក​ ​ការនាំចេញ​កៅស៊ូ​ក្នុង​ខែ​មីនា​ ​ឆ្នាំ២០២៣​ ​ទទួល​បាន​ចំណូល​៥​៥​​លាន​ដុល្លារ​​របស់​ប្រទេស​ ​កើន​ឡើង​១៣,១​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​២​ ​មាន​ចំនួន​៤​៨,៥លាន​ដុល្លារ​។​

កាល​ពី​ឆ្នាំ​ ​២​០​២​២​ ​កម្ពុជា​ ​បាន​រក​ចំណូល​ពី​ការ​នាំ​ចេញ​កៅស៊ូ​ធម្មជាតិ​ ​និង​ផលិតផល​កៅស៊ូ​ បាន​ប្រមាណ​៥​៤​១​,៦៦លាន​ដុល្លារ​ ​មាន​ការ​កើន​ឡើង​២​៨​,៣​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​២​១​ ​បើ​ទោះបីជា​មាន​ស្ថានភាព​មិន​ល្អ​ ​រួម​ទាំង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​កៅស៊ូ​ធម្មជាតិ​យ៉ាង​ណា​ក្តី​។​

ទី​ផ្សារ​កៅស៊ូ​កម្ពុជា​ ​នាំចេញ​ទៅ​ប្រទេស​ចិន​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ឥណ្ឌា​ ​និង​សហភាព​អឺរ៉ុប​ (​E​U)​។​

គិត​ត្រឹម​ឆ្នាំ​២​០​២​២​ ​ផ្ទៃដី​ដាំ​កៅស៊ូ​ ​សរុប​មាន​ចំនួន​៤​០​៤​.០​៤​៤​ហិកតា​ ​ក្នុង​នោះ​ ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន​ ​៣​១​០​.១​៩​៣​ហិកតា​ ​ស្មើ​នឹង​៧​៧​ភាគរយ​ ​និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន​៩​៣​.៨​៥​១​ហិកតា​ ​ស្មើនឹង​២​៣​ភាគរយ​។​

ទន្ទឹម​នឹង​នេះ​ ​សមាគម​បណ្តា​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ (​AN​R​P​C) ​បានបញ្ជាក់​​ថា​ ​ការ​ផ្គត់ផ្គង់​កៅស៊ូ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹងនៅតែ​មានភាពតឹងតែង​ ​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ

ដោយសារ​ផ្នែក​មួយ ​គឺ​មាន​ជំងឺ​ស៊ី​ស្លឹក​ដែល​បាន​ញាំញី ​ក្នុង​ចម្ការ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here