អាជ្ញាធរខេត្តបាត់ដំបងត្រៀមនឹងរៀបចំពិធីដង្ហែ និងទទួលជាផ្លូវការនូវព្រះអគ្គីកីឡា ដែលនឹងមកដល់នាពេលខាងមុខនេះ

ដោយៈ ម៉ាលីនណា

        បាត់ដំបងៈ លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈ ក្នុងការរៀបចំទទួលព្រះអគ្គីកីឡា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើដំណើរមកដល់ទឹកដីជំរុកស្រូវ ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ។

មានប្រសាសន៍នាឱកាសនោះ លោកសុខ លូ បានលើកឡើងថា ខេត្តបាត់ដំបង នឹងប្រារព្ធពិធីទទួលនូវព្រះអគ្គីកីឡា ដែលនឹងដង្ហែមកដល់ត្រង់ចំណុច ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រង់ម្ដុំឃុំស្វាយដូនកែវ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ រួចនឹងធ្វើការបន្តដង្ហែព្រះអគ្គីកីឡា ដោយមានក្បួនដង្ហែអមដោយ ក្រុមកីឡាករ កីឡាការិនីប្រចាំខេត្តបាត់ដំបង ក្រុមកង់ប្រចាំខេត្តបាត់ដំបង រហូតមកដល់ វង្វង់មូលព្រាបពណ៌ស រួចបន្តក្បួនដង្ហែរនេះឆ្ពោះទៅកាន់ រង្វង់មូលលោកតាដំបងក្រញូង ហើយបន្តដំណើរទៅវេទិកានៃទីរួមខេត្តបាត់ដំបង ដើម្បីធ្វើពិធីទទួលព្រះអគ្គីកីឡា មុននឹងបន្តធ្វើដំណើរដង្ហែរព្រះអគ្គី ទៅតម្កល់នៅក្នុងវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបង ដើម្បីឲ្យព្រះសង្ឃ ធ្វើកិច្ចពិធីសាសនាតាមបែបព្រះពុទ្ធសាសនា ដើម្បីផ្ដល់ជាជ័យមង្គលជូនប្រជាជនទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចនៃខេត្តបាត់ដំបង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមានប្រសាសន៍ណែនាំដល់រដ្ឋបាលស្រុក ដែលពាក់ព័ន្ធ និងក្រុមការងារពាក់ព័ន្ធទាំងអស់ សូមត្រៀមរៀបចំនៅតាមដងផ្លូវ ដើម្បីត្រៀមទទួលនៅភ្លើងព្រះអគ្គីកីឡា ក៏ដូចជា គណៈប្រតិភូដែលបានចូលរួមទាំងអស់។

លោកសុខ លូក៏បានណែនាំដល់រដ្ឋបាលស្រុកពាក់ព័ន្ធ រៀបចំឱ្យមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និស្សិត ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានច្រើនកុះករ ដើម្បីចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ទទួលនូវព្រះអគ្គីកីឡា ដែលដង្ហែចូលមកក្នុងខេត្តបាត់ដំបងនេះ និងចូលរួមអបអរសាទរ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដនេះ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ខាងមុខនេះ។

លោកក៏អំពាវនាវបន្ថែម សូមឲ្យប្រជាពលរដ្ឋនៅតាមដងវិថីនៃផ្លូវជាតិលេខ៥ ដូចជា វិថីដែលពាក់ព័ន្ធនឹងក្បួនដង្ហែ សូមមេត្តាជួយសម្អាតបរិស្ថាននៅតាមដងផ្លូវ នឹងដាក់នៅទង់ជាតិនៅតាមមុខផ្ទះរៀងៗខ្លួនដើម្បីត្រៀមខ្លួន ក្នុងការទទួលអបអរនូវព្រះអគ្គីកីឡា ឲ្យមានភាពឱឡារិកអធិកអធម្ម ដើម្បីផ្ដល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តមមួយ ដែលមិនអាចកាត់ថ្លៃបាន ដែលអាចចារនៅក្នុងប្រវត្តិសាស្រ្ត នៃខេត្តបាត់ដំបងយើងនេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here