អ្នកជំនាញជាន់ខ្ពស់: អាមេរិក និងប្រទេសឧស្សាហកម្មធំៗនឹងធ្លាក់ចូលក្នងវិបត្តិសេដ្ឋកិច្ចដោយជៀសមិនផុត

សុខុម

ក្រុងឡុងដ៍: អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់លើកឡើងថា វិបត្តិសេដ្ឋកិច្ចនឹងកើតមានឡើងដោយជៀសមិនផុតនៅក្នុងសហរដ្ឋអាមេរិក និងនៅប្រទេសឧស្សាហកម្មធំៗមួយចំនួនទៀត ខណៈប្រទេសទាំងនោះសម្រេចបានកំណើនជាអវិជ្ជមានរយៈពេល២ត្រីមាសជាប់ៗគ្នា។

លោក David Brown នាយកប្រតិបត្តិក្រុមហ៊ុនពិគ្រោះយោបល់ឯករាជ្យផ្នែកម៉ាក្រូសេដ្ឋកិច្ច និងការព្យាករទស្សនវិស័យហិរញ្ញវត្ថុ New View Economics បានសង្កត់ធ្ងន់ថា បញ្ហាគឺស្ថិតនៅត្រង់ថា វិសាលភាពនៃដំណោះស្រាយនៅមានកម្រិត ដោយគោលនយោបាយរូបិយវត្ថុពិភពលោកដែលត្រូវបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា និងថវិការបស់បណ្ដារដ្ឋាភិបាលបានធ្លាក់ចូលក្នុងស្ថានភាពដែលមិនអាចគ្រប់គ្រងបានចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ប្រទេសផលិតកម្មធំៗដូចមហាយក្សចិន ជាដើមដែលសង្ឃឹមថាកំណើនពាណិជ្ជកម្មពិភពលោកនឹងជំរុញការលក់នាំចេញកាន់តែលឿនជាងមុននោះ វាអាចរារាំងផែនការរបស់ប្រទេសចិន ដែលបានដាក់គោលដៅកំណើន GDP ប្រមាណ៥%នៅឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែមេសា។

ដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងហានិភ័យ រដ្ឋាភិបាលក្រុងប៉េកាំង ចាំបាច់ត្រូវផ្ដោតយកចិត្តទុកដាក់កាន់តែខ្លាំងលើកំណើនដែលជំរុញដោយតម្រូវការក្នុងស្រុក ហើយចាំបាច់ត្រូវដាក់ចេញគោលនយោបាយដែលធំជាងបច្ចុប្បន្នឆ្ងាយ។

អ្នកជំនាញលើកឡើងថា ឥណទានដែលមានលក្ខណៈកាន់តែងាយស្រួល អត្រាការប្រាក់កាន់តែទាប និងថវិកាជំរុញសេដ្ឋកិច្ចបន្ថែមទៀតនឹងត្រូវការជាចាំបាច់ ដើម្បីរក្សាផែនការកំណើនឱ្យសម្រេចបានតាមការគ្រោងទុក។

អ្វីដែលត្រូវអនុវត្តចំពោះប្រទេសចិន គឺមិនខុសគ្នានោះដែរសម្រាប់បណ្ដាសេដ្ឋកិច្ចជឿនលឿន ប្រសិនបើចង់ទប់ស្កាត់កុំឱ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះកាន់តែជ្រៅនៅក្នុងឆ្នាំ២០២៣ នេះ។ ចំណុចបិទខ្ទប់គោលនយោបាយត្រូវតែបើកឡើងវិញ និងបើកឱ្យបានឆាប់រហ័ស។

ទិន្នន័យបច្ចុប្បន្នបង្ហាញយ៉ាងច្បាស់ថា ទំនុកចិត្តលើសេដ្ឋកិច្ចពិភពលោកកំពុងចាប់ផ្តើមធ្លាក់ចុះ។ សូចនាករសកម្មភាពធុរកិច្ចកំពុងចុះខ្សោយ អតិផរណាបានហក់ឡើងដល់កំពូល អត្រាការប្រាក់ខ្ពស់កប់ពពក ហើយបណ្ដារដ្ឋាភិបាលកំពុងស្ថិតក្រោមសម្ពាធនៅក្នុងការទប់ទល់ការចំណាយហួសប្រមាណ។

លើសពីនេះ ការដួលរលំនៃធនាគារធំៗកាលពីពេលថ្មីៗនេះក៏បានបង្កឱ្យមានភាពជ្រួលច្របល់ក្នុងវិស័យធនាគារ និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here