ក្រុមហ៊ុនអាកាសចរណ៍ Air Asia Indonesia ប្រកាសបើកជើងហោះហើរត្រង់ហ្សាការតា-ភ្នំពេញចាប់ពីខែមេសានេះ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេសុី Air Asia Indonesia បានប្រកាសថា ខ្លួនគ្រោងនឹងចាប់ផ្តើមជើងហោះហើរត្រង់ពីទីក្រុងហ្សាការតាមកកាន់ទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១៩ ខែមេសាឆាប់ៗខាងមុខនេះ។

ការហោះហើរត្រង់ដែលបានរង់ចាំអស់ជាយូរមកហើយនេះនឹងដំណើរការតាមកាលវិភាគសម្រាប់អ្នកដំណើរ៤ថ្ងៃក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ។

ក្រុមមន្ត្រីកំពូលៗបានប្រកាសក្នុងពិធីផ្លូវការនៅស្ថានទូតនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីក្នុងរាជធានីភ្នំពេញថា “វាមានសារៈសំខាន់សម្រាប់ទាំងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំង២ផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការហោះហើរត្រង់នេះក៏ជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។

ថ្លែងក្នុងពិធីនោះ លោក ថោង រដ្ឋសក្តិរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា “ឆ្នាំនេះក៏ជាខួបលើកទី៦៤ នៃទំនាក់ទំនងការទូតរវាងប្រជាជាតិយើងទាំងពីរផងដែរ”។

លោក ថោង រដ្ឋសក្តិ បានសំដែងការអបអរសាទរចំពោះក្រុមហ៊ុនអាកាសចរណ៍ Air Asia Indonesia សម្រាប់ការបង្កើតជើងហោះហើរត្រង់រវាងទីក្រុងហ្សាកាតា-ភ្នំពេញ-ហ្សាការតា ដែលជាផ្នែកមួយនៃការអនុវត្តប្រកបដោយផ្លែផ្កានៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកក៏បានអញ្ជើញក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីផ្សេងៗទៀតដូចជា Citilink និង Garuda Airlines ដើម្បីតភ្ជាប់ឡើងវិញជាមួយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here