ក្រសួងកសិកម្មជំរុញឲ្យក្រុមហ៊ុនរុស្ស៊ីនាំចូលផលិតផលកសិកម្ម ពីកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា លោក ឌិត ទីណា បានជំរុញឱ្យឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា លោក Anatoly Borovik ជំរុញឱ្យក្រុមហ៊ុនឯកជនរុស្ស៊ី នាំចូលកសិផលពីកម្ពុជា។

លោក ឌិត ទីណា ដែលបានចូលដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីឆ្នាំមុន បានមានប្រសាសន៍ថា វានឹងមានភាពងាយស្រួល សម្រាប់ក្រុមហ៊ុនរុស្ស៊ី ក្នុងការនាំចូលកសិផល និងជីកសិកម្មក្នុងតម្លៃសមរម្យ ជាពិសេសកៅស៊ូ និងស្វាយចន្ទី បើធៀបនឹងការនាំចូល ដោយក្រុមហ៊ុនកម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសដដែលបានគូសបញ្ជាក់ថា “លោករដ្ឋមន្ត្រី ក៏បានស្នើសុំឯកអគ្គរដ្ឋទូតរុស្សី ក្នុងការបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជា ដើម្បីផ្តោតលើជំនាញសំខាន់ៗ រួមមាន កសិកម្ម និងវិស្វកម្មមេកានិច ព្រោះថាពួកគេនឹងជួយដល់វិស័យកសិកម្ម ដោយបន្ថែមថា សាលាកសិកម្មចំនួន៣របស់កម្ពុជា នឹងផ្តល់កិច្ចសហប្រតិ​បត្តិការក្នុងការបណ្តុះបណ្តាល”។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ បានមានប្រសាសន៍ថា “ការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងប៉ះពាល់ដល់ពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៊ី ដែលនេះ​នឹង​នាំ​ឱ្យ​មាន​ការ​រំជើបរំជួល​តាម​រយៈ​សេដ្ឋកិច្ច បើ​ទោះ​ជា​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​តូច​ក៏​ដោយក្តី”។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៊ីក្នុងឆ្នាំ២០២១ មានតម្លៃជាង៩៤,១៨លានដុល្លារ កើនឡើងជាង៣០លានដុល្លារ បើធៀបនឹងទំហំពាណិជ្ជកម្ម តម្លៃ៦៣,១៨លានដុល្លាររវាងប្រទេសទាំងពីរ។  កម្ពុជា​នាំ​ចេញ​ទៅ​រុស្ស៊ី ​មាន​តម្លៃ៥៩,៥៤​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​ពី​រុស្ស៊ី​មាន​តម្លៃ៣៤,៦៤​លាន​ដុល្លារ។

លោក សៀង ថៃ បានបន្តទៀតថា“សង្រ្គាមដែលកំពុងបន្តឆាបឆេះឡើងនៅអ៊ុយក្រែន នឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ”។  លោកបន្តថា “ទំហំនៃផលប៉ះពាល់ យើងមិនអាចវាយតម្លៃបានទេ នៅពេលនេះ ទោះជាយ៉ាងនេះក្តី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ”។

លោក សៀង ថៃ បានមានប្រសាសន៍បញ្ជាក់ថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្ស៊ី មិនទាន់បានចាប់ផ្តើមនៅឡើយទេ។

ទោះយ៉ាងណាក្តី កម្ពុជាបាននិងកំពុងចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលមាន៥ប្រទេស រួមមាន អាមេនី បេឡារុស្ស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងរុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here