លោកឈួន ដារ៉ាដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នៅខេត្តស្វាយរៀង

        ដោយៈ ម៉ាលីនណា

        ស្វាយរៀងៈ ខេត្តស្វាយរៀងបានប្រារព ពិធីបើកសម្ពោធទិវាជាតិលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ៩ មេសា លើកទី៦ ឆ្នាំ២០២៣ ប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ បង្កើនការងារជូនពលរដ្ឋខ្មែរ”។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយ​ករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម-លោកជំទាវ ឧកញ្ញ៉ា លោក-លោកស្រី មន្រ្តីរាជការនៃក្រសួង ស្ថាប័ន មកពីរាធានី-ខេត្ត សិស្ស និសិត្ស ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។

លោកឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអានសាលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្ដិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសារទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខែ្មរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ បង្កើនការងារជូនពលរដ្ឋខ្មែរ”។

នៅក្នុងសារលិខិតរបស់ សម្ដេចតេជោ បានសម្តែងនូវការកោតសសើរដល់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ទនានាដែលបានរួមសហការគ្នា រៀបចំទិវាជាតិនេះឡើងវិញ បន្ទាប់ពីស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងដោយជោគជ័យ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្នុងនាមសម្ដេចផ្ទាល់ សម្ដេ​ចបានផ្ដល់អនុសាសន៍មួយចំនួនដូចជា ទី១ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានា ដែលមានលក្ខណៈ សមស្របតាមភូមិឋាន ជាពិសេសស្រូបយកនូវផលិតផលកសិកម្ម កែច្នៃជាចំណីអាហារឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយជាតិស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ។

ទី២-គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិ​ទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និង ការពង្រីកទីផ្សារជូនប្រជាផលិតកររបស់យើង។

ទី៣-គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយរាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការ ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រងបណ្តាញសមា​ជិក ចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំឱ្យមានព្រឹត្តិការណ៍ តាំងបង្ហាញ និងលក់ ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។

ទី៤ -គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ត្រូវបញ្ជ្រាបសមាសភាពខ្លួន ទៅក្នុងក្រុមប្រឹក្សា ឬគណៈកម្មាធិការផ្សេងៗ ដែលមានបេសកកម្មពាក់ព័ន្ធ នឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផលិតកែច្នៃនូវផលិតផល ឬសេវាកម្មនានាសម្រាប់បម្រើសេចក្តីត្រូវការរបស់ទីផ្សារ។

ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយខេត្តស្វាយរៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅលើបរិវេណសួនវិមានឯករាជ ខេត្តស្វាយរៀង។

ក្រៅពីការរៀបចំការតាំងពិពរណ៍ផលិតផលខ្មែរ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ក៏មានរៀបចំព្រឹត្តិការ​ណ៍អមជាច្រើនទៀត ដូចជា៖ ការដង្ហែរក្បួនទូងស្គរផ្សព្វផ្សាយផលិត​ផលសំខាន់ៗ វេទិកា ផ្គូរផ្គងអ្នកទិញ-អ្នកលក់ ការប្រគំតន្រ្ដីនៅតាមដងផ្លូវមាត់ព្រែកកំពង់ចម្លង និងកម្មវិធីកំសាន្តផ្សេងៗទៀត ដែលញុំាងអោយទិវាជាតិលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ៩ មេសា លើកទី៦ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងអធិកអធមគួរជាទីមោទនៈ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here